រន្ធត់ណាស់! ២នាក់ឪពុកកូនចូលព្រៃដាក់អន្ទាក់សត្វ ចៃដន្យជាន់មីនផ្ទុះស្លាប់ឪពុក ឯកូនប្រុសរងរបួសធ្ងន់
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤០នាទី នៅចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីផ្ទុះម៉ីនចំនួន០១ ប្រភេទមីន៦៩ បណ្ដាលអោយមនុស្ស ចំនួន០២នាក់ រងរបួសនោះគឺ៖១-ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ ៦៩ឆ្នាំ បានដាច់ជើង និងរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបន្ទាប់ និង២-ឈ្នោះធាង ធួន ភេទប្រុស អាយុ២០ឆ្នាំ រងរបួស។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ជាឪពុកនិងកូនបង្កើត រស់នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ពួកគាត់បានមករកទទួលទានដាក់អន្ទាក់សត្វនៅចំណុចកើតហេតុខាងលើ ទើបបណ្តាលឱ្យជួបឧប្បត្តិហេតុដូច្នេះ។ លោកអធិការបានបន្តថា នៅក្នុងមូលដ្ឋានខាងលើជាតំបន់ដែលមានសេសសល់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសម័យសង្រ្គាមនៅរាយប៉ាយនៅឡើយ ដែលលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំប្រថុយប្រថាន ចេញចូលទៅក្នុងតំបន់នោះឱ្យសោះព្រោះងាយនឹងរងគ្រោះថ្នាក់ណាស់។
ជនរងគ្រោះជាកូនត្រូវបានសង្រ្គោះទៅព្យាបាលនៅមន្ទីរពេទ្យ រីឯបុរសជាឪពុកដែលបានស្លាប់ដោយឧប្បត្តិហេតុនេះ បានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅមូលដ្ឋានឯស្រុកបាណន់ ខេត្តបាត់ដំបង៕kosal

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ