ក្រសួងសុខាភិបាលកម្ពុជា ធ្វើការបកស្រាយជុំវិញការចុះផ្សាយរបស់សារព័ត៌មានវៀតណាមថា មានជនជាតិវៀតណាមម្នាក់មានវិជ្ជមានកូវីដ១៩ចេញពីកម្ពុជា
នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការបកស្រាយ និងច្រានចោលទាំងស្រុងនូវព័ត៌មានដែលបានចុះផ្សាយលើទំព័រវេបសាយសារព័ត៌មានឈ្មោះ លុយអាតវៀតណាម (luatvetnam.vn) អំពីករណីបុរសជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ១៩ ធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម តាមច្រកទ្វារព្រំដែន ថុងហ្វើក (Thuong Phuon) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបានដាក់ឲ្យព្យាបាលនៅមណ្ឌលសុខភាព ង្វានហុងងឺ (Huyen Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូវការណាមួយស្តីពីករណីជនជាតិវៀតណាមខាងលើនេះ ត្រូវបានផ្តល់ដោយអាជ្ញាធរសុខាភិបាលវៀតណាមតាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗក្នុងបណ្តាប្រទេសអាស៊ាននោះទេ។
ចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មាន លុយអាតវៀតណាម (Luatvetnam.vn) ដែលបានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបានធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មាននេះ។ ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។
ផ្ទុយទៅវិញ តាមរយៈការចុះផ្សាយនោះទៀត បង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិវៀតណាម រស់នៅឃុំថុងហ្វុក ស្រុកហ្វៀនហុងងឺ (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ដូច្នេះមិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះតែម្តង៕
