នាយករដ្ឋមន្ត្រីឥណ្ឌាកោតសរសើរ កម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ-១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក
ភ្នំពេញ៖ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ-១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក។ ការកោតសរសើររបស់ឯកឧត្តម ម៉ូឌី បានលើកឡើងនៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែលបានចេញកាលពីម្សិលមិញនេះ បានឲ្យដឹងថា ឯកឧត្តម ម៉ូឌី បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបពិភាក្សាគ្នាជាមួយ សម្តេច ដែលជាមិត្តរបស់ឥណ្ឌាក្នុងគ្រាដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩។ ឯកឧត្តមក៏បានកោតសរសើរ សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ-១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក។

ជាកិច្ចឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ូឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ជីវិតពលរដ្ឋឥណ្ឌាជាច្រើនដោយសារជំងឺនេះ។

បន្ថែមពីនេះ សម្តេច និង ឯកឧត្តមនាយករដ្ឋមន្ត្រី បានអរគុណគ្នាទៅវិញទៅមក ចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរត្រលប់ទៅស្រុកវិញនៃពលរដ្ឋរៀងខ្លួនដែលជាប់នៅប្រទេសមួយទៀត។ យន្តហោះមួយគ្រឿង នឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន ៦០នាក់ពីឥណ្ឌាមកម្ពុជាវិញ នៅថ្ងៃទី១២ ខែមិថុនានេះ ហើយពលរដ្ឋឥណ្ឌានឹងបានត្រលប់ទៅស្រុកវិញតាមជើងយន្តហោះនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ដែលមានចំនួនសរុប ២៨០នាក់។

ក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយកូវីដ-១៩ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន។ ហើយនាយករដ្ឋមន្រ្តីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយ ឯកឧត្តម នាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (Act East Policy)។


ទន្ទឹមនឹងនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរអំពីតួនាទីអន្តរជាតិដ៏សំខាន់របស់ឥណ្ឌា ហើយក៏បានគាំទ្រដល់ឥរិយាបថមនុស្សធម៌ និងសមត្ថភាពរបស់ឥណ្ឌា ក្នុងការផលិតថ្នាំពេទ្យ ដែលក្នុងរយៈពេល ២ខែចុងក្រោយនេះ បានផ្គត់ផ្គង់ថ្នាំជូនប្រទេសប្រមាណ ១៣០។ ជាងនេះទៅទៀតថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹងសហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។
ដោយឡែកពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងការពេញចិត្តចំពោះការទុកចិត្តឱ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា៕


ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ