ករណីឆ្លងកូវីដ១៩ នៅសាំងហ្គាពួរកើនដល់ជាង ៤០,០០០ ក្រោយមានករណីថ្មីបន្ថែមចំនួន ៣៤៧ នៅថ្ងៃសៅរ៍នេះ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ករណីជំងឺ COVID-19 នៅសាំងហ្គាពួរពេលនេះកើនឡើងដល់ ៤០,១៩៧ នាក់ គិតត្រឹមថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីបានកត់ត្រាករណីថ្មីបន្ថែម ៣៤៧នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីថ្មីៗមានករណីចំនួន ៥ ជាករណីនៅក្នុងសហគមន៍ ហើយករណីដែលនៅសេសសល់គឺអ្នកកាន់ប័ណ្ណការងារ ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

រំលឹកដែរថាកាលពីដើមសប្តាហ៍នេះមានជនរងគ្រោះម្នាក់បានស្លាប់ ប៉ុន្តែក្រសួងបានបន្ថែមថា ជនរងគ្រោះម្នាក់នោះមានជំងឺបេះដូចជាប់ខ្លួនស្រាប់ ហើយគាត់ស្លាប់នៅពេលដែលជំងឺ COVID-19 របស់គាត់បានជារួចទៅហើយ ដូច្នេះគាត់មិនត្រូវបានរាប់ចូលក្នុងបញ្ជីអ្នកស្លាប់ដោយសារជំងឺ COVID-19 នោះទេ។ គិតមកទល់ពេលនេះមានមនុស្សចំនួន ៨នាក់ ដែលបានស្លាប់ក្រោយពេលជាពីជំងឺ COVID-19 ដូច្នេះពួកគេមិនត្រូវបានកត់ត្រាថាស្លាប់ដោយសាររោគរាតត្បាតនោះទេ។ ពោលគឺចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 របស់សាំងហ្គាពួរនៅតែមានដល់ ២៥ នាក់ដដែល៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia