BREAKING NEWS – អគ្គិភ័យឆាបឆេះលើអាគារជាន់ទី៤ នៅសណ្ឋាគារណៃអ៉ីន ក្នុងខណ្ឌទួលគោក ខណៈពេលនេះសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យកំពុងចេញជួយអន្តរាគមន៍
រាជធានីភ្នំពេញ ៖ មានអគ្គិភ័យកំពុងឆាបឆេះនៅក្នុងបន្ទប់ជាន់ទី៤ នៃសណ្ឋាគារណៃអ៉ីន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវនាំគ្នាប្រមូលសម្ភារៈរត់ចុះមកក្រោម ប្រាប់ម្ចាស់សណ្ឋាគារ រាយការណ៍ទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង០៧:៣៥នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចអាគារសណ្ឋាគារ ណៃអ៉ីន ជាប់ធនាគារកម្ពុជាសាធារណៈ ជិតស្តុបរតនាស្រីម៉ៅ នៅលើផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្ដីបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញមានផ្សែងខ្មួលខ្មាញ់ហុយចេញពីជាន់ទី៤ នៃសណ្ឋាគារ ណៃអ៉ីនកើតហេតុខាងលើ ដោយមិនដឹងមូលហេតុអ្វីនៅឡើយ ហើយក៏ឃើញភ្ញៀវដែលមកស្នាក់នៅនាំគ្នាប្រញាប់ប្រញាល់ចុះមកខាងក្រោម ប្រាប់ដល់បុគ្គលសណ្ឋាគារយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ តែដោយសារមានផ្សែងខ្លាំងពេល មិនអាចឡើងទៅពន្លត់បានទេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ផងដែរ។
ខណៈពេលនេះគេឃើញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់កន្លែងកើតហេតុហើយ កំពុងធ្វើការអន្តរាគមន៍ ដោយមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ សូមរងចាំដំណឹងបន្ថែមពីក្រុមការងារខ្មែរណូតបន្តិចទៀតនេះ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត