ក្រសួងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ថែមទៀត ជាបុរសជនជាតិខ្មែរទាំង២ ធ្វើដំណើរមកឥណ្ឌូនេស៊ី
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះថា ក្រសួងបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ទៀត ដែលធ្វើអោយចំនួនបានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន ១២៨នាក់។

អ្នកវិជ្ជមានកូវីដ១៩ទាំង២នាក់នោះ គឺជាបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលបច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។
ជើងហោះហើរនោះមានអ្នកដំណើរសរុបចំនួន៤៦នាក់ ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន៤២នាក់ (ស្រី២២នាក់) និងជនជាតិឥណ្ឌូនេស៊ីចំនួន០៤នាក់ ហើយអ្នកដំណើរទាំងអស់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្តាខេត្ត ដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បីតាមដានសុខភាពបន្តទៀត៕
