រន្ធត់ណាស់! ជិះម៉ូតូឌុបបងប្អូនទៅពេទ្យ បែរត្រូវរថយន្តបែនដឹកថ្មកៀរអោយដួល ហើយកិនបែកខួរស្លាប់ទាំងពាក់មួកសុវត្ថិភាពទៀត
រាជធានីភ្នំពេញ ៖ អាណោចអាធ័មខ្លាំងណាស់! ស្ត្រីម្នាក់ត្រូវបានរថយន្តបែនដឹកថ្ម កៀរអោយដួល និងកិនស្លាប់យ៉ាងរន្ធត់ ទាំងក្បាលពាក់មួកសុវត្ថិភាព ខណៈកំពុងជិះម៉ូតូឌុបប្អូនស្រី២នាក់ទៀត ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនទាន់ដល់ផងទើបតែឆ្លងផ្លូវ ក៏ត្រូវរថយន្តកិនស្លាប់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍វ័ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពស្ត្រីដែលស្លាប់មានឈ្មោះ នៅ ញ៉េន អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងប្អូនស្រី២នាក់ទៀតបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HK-3468 ឌុបគ្នា៣នាក់ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវបេតុងវត្តពោធិ៍វ័ន បំណងទៅមន្ទីរពេទ្យព្យាបាលជំងឺគីសស្បូន។ លុះដល់មហាវិថីឈ្នះៗ ក៏បានឆ្លងផ្លូវបត់ឆ្វេងដៃ ឆ្ពោះទៅទិសខាងជើងវិញ ស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿង ពណ៌ត្រេអ៉ី បើកលឿនក្នុងទិសដៅពីត្បូងទៅជើង បានកៀរម៉ូតូពីក្រោយបណ្ដាលឲ្យដួល ខ្ទាតស្រ្តីរងគ្រោះចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់ ទាំងមួកការពារសុវត្ថិភាព ហើយបើកគេចខ្លួនទៅបាត់ស្រមោល ។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះមកធ្វើការវាស់វែង សម្រួលចរាចរណ៍ និងយកវត្ថុតាងប្រគល់ឲ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បងម៉េងខ្មែរណូត