សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបទី ៥៨ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះរាជាណាចក្រកម្ពុជាឈ្នះរឿងក្តីប្រាសាទព្រះវិហារពីការទាមទារឈ្លានពានរបស់ប្រទេសថៃ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

នៅលើផេកផ្លូវការ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេតេជោបានសរសេរថា អបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ សម្ដេចតេជោបានគូសបញ្ជាក់ថា សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃ ០៧ ខែកក្កដា ឆ្នាំ២០០៨៕
រូបភាពខាងក្រោមនេះគឺជា ព្រះឆាយាលក្ខណ៍នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទ ព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទ ព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរជ្ជកាល របស់ព្រះអង្គ។ ប្រជានុរាស្ត្រទូទាំងព្រះនគរ សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គចំពោះប្រជាជាតិកម្ពុជា ។






ប្រភព៖ ក្រសួងព័ត៌មាន