ក្នុងមួយថ្ងៃប្រេស៊ីលមានអ្នកឆ្លងកូវីដ១៩ ថ្មីជិត ៣៥,០០០ នាក់ ហើយចំនួនឆ្លងសរុបឥឡូវនេះមានជាង ៩០ម៉ឺននាក់
ប្រេស៊ីលបានរាយការណ៍ពីករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៩១៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលវាជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់ប្រទេសក្នុងអាមេរិកឡាទីនមួយនេះ។ ករណីថ្មីៗចុងក្រោយនេះនាំឱ្យប្រេស៊ីលមានអ្នកឆ្លងសរុបទាំងអស់ ៩២៣,១៨៩ នាក់ ហើយឈរនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមានករណីឆ្លងច្រើនបំផុតក្នុងពិភពលោក។

ការស្លាប់របស់ប្រេស៊ីលចំនួន ១,២៨២ ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនស្លាប់សរុបមាន ៤៥,២៤១ នាក់។ ថ្វីបើករណីនៅប្រេស៊ីលមានការកើនឡើងរៀងរាល់ថ្ងៃ ប៉ុន្តែប្រទេសនេះបាននិយាយថា វាជាវិបត្តិមួយប៉ុន្តែពួកគេអាចចាត់ការវាបាន។ ចំណែកប្រធានាធិបតីលោក Jair Bolsonaro នៅតែប្រឆាំងចំពោះការអនុវត្តការរក្សាគម្លាត និងការបិទទ្វារ ដោយនិយាយថា សេដ្ឋកិច្ចនឹងមានផលប៉ះពាល់ក្នុងទំហំធំជាងបញ្ហាសុខភាព ខណៈពេលដែលអាជីវកម្មក្នុងប្រទេសក៏កំពុងបើកទ្វារឡើងវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ DW