រថយន្ត

Range Rover ស៊េរីឆ្នាំ2021 បង្ហាញរូបរាងជាផ្លូវការ ដើម្បីអបអរខួបកំណើត ៥០ឆ្នាំ នៃត្រកូល SUV មួយនេះ

BY
autoadmin
June 17, 2020

រថយន្ត Range Rover ស៊េរីឆ្នាំ2021 – Special Edition បានបង្ហាញរូបរាងជាផ្លូវការ ហើយនៅឆ្នាំនេះវាកាន់តែពិសេសជាងមុនទៅទៀត ដោយសារស៊េរីថ្មីនេះផលិតឡើងដើម្បីប្រារព្ធខួបលើកទី50 នៃអម្បូររថយន្ត SUV របស់ខ្លួន។ ដូច្នេះហើយម៉ូដែលថ្មីនេះនឹងមានឈ្មោះថា Range Rover Fifty និងមានផលិតតែ 1,970 គ្រឿងប៉ុណ្ណោះ ខណៈលេខ 1970 នេះគឺជាឆ្នាំដែលរថយន្ត Range Rover ដំបូងត្រូវបានផលិតឡើង។

ជាធម្មតារថយន្ត Range Rover ម៉ូដែលមុនៗមាន 4 ពណ៌សម្រាប់ឱ្យជ្រើសរើសគឺ៖ ខ្មៅ, ទឹកប្រាក់, ប្រផេះ និងក្រហមឈាមជ្រូក ប៉ុន្តែសម្រាប់ Range Rover ស៊េរីឆ្នាំ2021 ឬ Range Rover Fifty អតិថិជនអាចជ្រើសរើសយកពណ៌ដូចជំនាន់ចាស់ ហើយអាចជ្រើសយកប្រភេទមានកំណត់ (limited) ដូចជា៖ ទឹកមាស, ស និងខៀវ។ រថយន្ត SUV នេះនឹងមាន 2 ជម្រើស គឺទំហំធម្មតា និងប្រភេទវែង (long-wheelbase) ។

រថយន្តនេះក៏មានម៉ាស៊ីន 2 ឱ្យជ្រើសរើសផងដែរ រួមមានទាំងម៉ាស៊ីនដើរដោយសាំង និងម៉ាស៊ូត ក៏ដូចជាម៉ាស៊ីន P400e កូនកាត់។ ចំណែក powertrain របស់រថយន្តនេះគឺមានទំហំចំណុះ 2លីត្រ ប្រភេទ Turbocharged Ingenium 4ស៊ីឡាំង ជាមួយនឹងកម្លាំងម៉ូទ័រ 85គីឡូវ៉ាត់ ដែលជាលទ្ធផលអាចឱ្យរថយន្តមានថាមពលសរុប 398 សេះ និងកម្លាំងបង្វិល 472 ផោន-ហ្វីត (640 Nm) ។ ទាំងនេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ ហើយចំពោះតម្លៃតាមទីផ្សារ ឬការចែកចាយលក់នៅពេលណា ក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Carscoops

Share This Post: