ចំណតរថយន្តក្រោមដី ក្រោមសួនច្បារមិត្តភាពកម្ពុជា-ថៃ សាងសង់រួចហើយ អាចចតរថយន្តបាន ៣៤០គ្រឿង ដែលបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ចំណុចសំខាន់ៗ
រាជធានីភ្នំពេញ ៖ ចំណតរថយន្តក្រោមដី ទី២ នៃរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ការសាងសង់រួចហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ហើយចំណតរថយន្តក្រោមដីនេះ មានសួនច្បារពីលើ ស្ថិតនៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង រួចរាល់ ១០០% និងដាក់ឲ្យប្រើប្រាស់ហើយ ។

ចំពោះលក្ខណៈពិសេសទីតាំងចំណតរថយន្តក្រោមដីទី២ នៃរាជធានីភ្នំពេញនេះ ៖ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតឡាន ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សំរាប់សំគាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងពេលផ្សែងពេលមានអគ្គីភ័យ និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។
គោលបំណង៖ ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប់ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។
បច្ចុប្បន្នសាលារាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុន OCIC បាននឹងកំពុងខិតខំសាងសងចំណតយានយន្តក្រោមដីសរុបចំនួន ៤កន្លែង ហើយពេលនេះ សម្រេចបាន ២កន្លែងហើយ ៖ ទី១.នៅក្រោមសួនច្បារចន្លោះវិមានកាណាឌីយ៉ា និងអាគារវឌ្ឈនៈកាពីតាល់ ឆ្ពោះទៅកាន់ផ្សាររាត្រី មាត់ទន្លេ ។ ទី២.នៅក្រោមសួនច្បារ មិត្តភាព កម្ពុជា-ថៃ ត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខាងលេីនេះ ។ ហើយចំពោះ ២កន្លែងផ្សេងទៀត ក៏គ្រោងនឹងបញ្ចប់ការសាងសងក្នុងពេលឆាប់ៗខាងមុខ៕


កែសម្រួលដោយ បងម៉េង ខ្មែរណូត