ព្រៃកោងកាងខេត្តកោះកុងផ្តល់ផលវារីវប្បកម្មជាង ១៥,០០០តោន ក្នុង១ឆ្នាំៗ
ភ្នំពេញ៖ ក្រសួងបរិស្ថានអះអាងថា ព្រៃកោងកាងខេត្តកោះកុងបានរក្សាផលស្តុក និងប្រភពមេពូជរបស់ធនធានសមុទ្រដ៏សម្បូរបែប ដោយបានផ្តល់ផលវារីវប្បកម្មប្រមាណជាង១៥,០០០តោន ក្នុង១ឆ្នាំៗ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ផលវារីវប្បកម្មដែលបានពីព្រៃកោងកាងក្នុងខេត្តកោះកុងនេះ មានដូចជា៖ បង្គា បង្កង ក្តាម និងប្រភេទត្រីសមុទ្រជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងតែជាប្រភពចំណូលសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងសេដ្ឋកិច្ចជាតិ។

ការថ្លែងឲ្យដឹងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមចុងភៅពីភោជនីយដ្ឋាន និងសណ្ឋាគារធំៗនៅកម្ពុជា ចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិតផលសមុទ្រជាច្រើនទៀត ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង ពីថ្ងៃទី១៨-២០ ខែមិថុនានេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ព្រៃកោងកាងបានផ្តល់នូវគុណប្រយោជន៍ខ្ពស់ និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជាជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។
ឯកឧត្តម មានប្រសាសន៍ថា «ព្រៃកោងកាងជាជម្រក និងកន្លែងរកចំណី នៃសត្វមានជីវិតដូចជាត្រី សត្វឆ្អឹងខ្នងមានឈាមត្រជាក់ ល្មូន បក្សី និងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្ស និងជីវៈចម្រុះ ព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ។ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃកោងកាងសរុបចំនួន៥៨,៨០០ហិកតា ដែលក្នុងនោះនៅខេត្តកែបមានទំហំ១,០០៥ហិកតា ខេត្តកំពតមានទំហំ១.៩៦៦ហិកតា ខេត្តព្រះសីហនុមានទំហំ៩.៣៥២ហិកតា និងខេត្តកោះកុងមានទំហំ៤៦.៥២៩ហិកតា៕


ប្រភព៖ ក្រសួងព័ត៌មាន