នគរបាលស្រុកស្រែអំបិល ប្រកាសរកសាច់ញាតិបុរសម្នាក់ ដែលត្រូវបានរថយន្តបុកស្លាប់នៅគីឡូម៉ែត្រលេខ ១១-១២
ខេត្តកោះកុង ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបែកក្បាលស្លាប់គួរឲ្យអាសូរ បន្ទាប់ពីបានជិះម៉ូតូ Wave មួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាក បើកបញ្ច្រាសទិសដៅគ្នាបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៦:៤៥នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែកអំបិល ខេត្តកោះកុង ។

តាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកស្រែកអំបិល បានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយស្គាល់ម៉ាកមួយគ្រឿង បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ៤៨ ទិសដៅពីត្បូងទៅជើង បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយមនុស្សប្រុស (មិនស្គាល់អត្តសញ្ញាណ) ពាក់អាវសឆ្នូតដៃវែង ខោខ្មៅជើងវែង សក់វែងស្មើក ដែលធ្វើដំណើរបញ្ជ្រាសទិសដៅគ្នាពីជើងទៅត្បូង បានបើកចូលទៅចំណែកផ្លូវមួយម្ខាងទៀតរបស់រថយន្ត ទើបត្រូវបានរថយន្តបុកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបង្ក បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវបាននគរបាល យកទៅតម្កល់ទុកនៅវត្តសាលាម្នាង ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិផងដែរ ហើយបើបងប្អូនណាស្គាល់ភិនភាគជនរងគ្រោះ ឬបាត់សាច់ញាតិដែលមានភិនភាគដូចក្នុងរូបនេះ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ 0977780101 / 0967393777 ៕

អត្ថបទដោយ៖ បងម៉េង ខ្មែរណូត