៣នាក់ឪពុកម្តាយ និងកូន បើករ៉ឺម៉កដឹកបាយជ្រូកឆ្លងផ្លូវបំបែកជាបួន ត្រូវរថយន្តដឹកទំនិញបើកលឿនចាប់ហ្វ្រាំងមិនទាន់ បុកក្រឡាប់ផ្ងាជើងកំពប់បាយជ្រូកពេញថ្នល់
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សមួយគ្រួសារ ពីរនាក់ប្ដីប្រពន្ធនិងកូនប្រុសម្នាក់ទៀត បានរងរបួសរលាត់ដៃរលាត់ជើង បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែបាយជ្រូក ឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿង ដឹកភេសជ្ជៈខារ៉ាបាវពេញលើរថយន្ត បើកយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកពីចំហៀងក្រោយ ក្រឡាប់ផ្ងាជើងឡើងលើ កំពប់បន្លែបាយជ្រូករាយប៉ាយពេញថ្នល់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៤៥នាទីយប់ ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបែកជាបួន លើផ្លូវលេខ២០៥ កែងផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ (ឪពុកម្ដាយនិងកូន) ឪពុកជាអ្នកបើកម៉ូតូមួយគ្រឿង ម៉ាក Wave-S ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1A-5739 សណ្ដោងរ៉ឺម៉កដឹកបន្លែបាយជ្រូក បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧៤ ទិសដៅពីកើតមកលិច លុះពេលឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-4694 ដឹកភេសជ្ជៈខារ៉ាបាវពេញបន្ទុក បើកបរតាមផ្លូវលេខ២០៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើពីចំហៀងក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាងឡើងលើ និងបណ្ដាលឲ្យឪពុកម្ដាយនិងកូនប្រុសរងរបួសស្រាលប៉ុណ្ណោះ និងកំពប់បន្លែបាយជ្រូករាយប៉ាយពេញថ្នល់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករអូសបន្លែដែលនៅក្បែរនោះ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចចេញជួយអន្តរាគមន៍ផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទួលស្វាយព្រៃ២ បានចុះមកសម្របសម្រួល រួចយករ៉ឺម៉ក និងរថយន្តអែបខាងសិន ដើម្បីអោយភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមួយជំហានសិនផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ភាគីខាងតៃកុងរថយន្ត បានសងសំណងទៅអោយភាគីខាងជនរងគ្រោះ ២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ចតែម្ដង៕

ដោយ៖ បងម៉េង ខ្មែរណូត