ចាប់ពីពេលនេះទៅរាល់ការទិញលក់រថយន្តលែងឲ្យមានការចុះបញ្ជីសរសេរដោយដៃទៀតហើយ គឺត្រូវប្រើប្រព័ន្ធស័្វយប្រវត្តិកម្ម
មន្ត្រីជំនាញអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបញ្ជាក់ថាចាប់ពីនេះទៅរាល់ការទិញលក់រថយន្តលែងឲ្យមានការចុះបញ្ជីសរសេរដោយដៃទៀតហើយ គឺត្រូវប្រើប្រព័ន្ធស័្វយប្រវត្តិកម្មដើម្បីពង្រឹងការងារឲ្យកាន់តែល្អបន្ថែមទៀត និងកុំឲ្យមានការក្លែងបន្លំឯកសារ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………………

ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក តិច សៀកងន អនុប្រធាននាយកដ្ឋាន បង្ការនិងបង្រ្កាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការតាមប្រព័ន្ធស័្វយប្រវត្តិកម្ម ហៅកាត់ថាប្រព័ន្ធ ASYCUDA ដើម្បីផ្តល់ភាពងាយស្រួលដល់អតិជន និងអ្នកលក់មានភាពសុក្រឹត និងដើម្បីកុំឲ្យមានការក្លែងបន្លំ។ លោក បញ្ជាក់ថា បច្ចុប្បន្នប្រសិនបើរាល់ការទិញលក់ រថយន្ត នៅប្រើប្រាស់ឯកសារដោយដៃទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនទទួលខុសត្រូវនោះទេរាល់ករណីកើតឡើង។ ដូច្នេះបើមានករណីនេះសូមរាយការណ៍បន្ទាន់មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីមានវិធានការ។
សំឡេង៖«បច្ចុប្បន្ននេះខាងអគ្គនាយកដ្ឋានគយ ឈប់ប្រើវិធីដោយដៃហើយ ក្រុមហ៊ុនដែលនាំចូលរថយន្តនិងម៉ូតូ ត្រូវតែប្រកាសគយតាមប្រព័ន្ធស័្វយប្រវត្តិកម្ម ហៅឈ្មោះកាត់អាស៊ីឃ្យូដា ASYCUDA យើងប្រើប្រព័ន្ធនេះក្នុងការនាំចូល។ ហើយចំណុចមួយទៀតបញ្ជាក់ថា វិក័យប័ត្របង់ពន្ធ ប្រើសម្រាប់ចុះបញ្ជីធ្វើស្លាកលេខ ឡាននេះក៏បញ្ឈប់សរសេរដោយដៃដែរ វិក័យប័ត្រនេះត្រូវចេញពីប្រព័ន្ធស័្វយប្រវត្តិកម្ម។ ហើយបងប្អូនទិញយានយន្តទាំងអស់នោះត្រូវតែចំណាំទុកបើបងប្អូនណាទិញយានយន្តឥលូវនេះគេឲ្យប្រកាន់ដៃនោះសរសេរដោយដៃ មិនគួរទុកចិត្តទេត្រូវទាក់ទងមកស្ថាប័នគយជាបន្ទាន់ដើម្បីពិនិត្យផ្ទៀងផ្ទាត់ថាតើរឿងនេះវាយ៉ាងមិច ស្ថាប័នគយបានជម្រាបថាប្រកាន់ដៃនោះគ្មានការសរសេរដោយដៃទៀតទេ គឺចេញតាមប្រព័ន្ធអេឡិចត្រូនិកហើយ »។
សូមបញ្ជាក់ថា ការប្រើអនុវត្តវិធានការនេះលែងឲ្យមានការចុះបញ្ជីសរសេរដោយដៃនេះរាល់ប្រតិបត្តិការ លក់រថយន្តនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងយានយន្ត និងការប្រមូល ខណៈដែរ ការប្រមូលពន្ធលើមធ្យោបាយរថយន្ត គ្រប់ប្រភេទសំរាប់ឆ្នាំ២០២០បានចាប់ផ្តើមពីថ្ងៃទី០១ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០២០។ ម្ចាស់រថយន្តទាំងអស់ត្រូវបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋទៅតាមសាខាឬការិយាល័យណាមួយ ឬតាមភ្នាក់ងារធនាគារ ដែលបានចុះអនុស្សារណៈជាមួយនឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ប្រភព៖ ក្រសួងព័ត៌មាន