យុវជន២នាក់ជិះម៉ូតូជ្រុលបុករថយន្តដឹកទំនិញធុនធំចតលើផ្លូវពេញទំហឹង បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ សមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យ
រាជធានីភ្នំពេញ៖ យុវជនពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងឌុបគ្នាជ្រុលទៅបុកគូទរថយន្តហ៊ីយ៉ាន់ដាយដឹកជញ្ជូនរបស់ក្រុមហ៊ុន L.M.H ដែលចតលើដីចំណីផ្លូវយ៉ាងពេញទំហឹង ។ សពជនរងគ្រោះទាំងពីរនាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9797 បិទស្លាកឡូហ្គោពីមុខ (L-M-H) បានចតលើដងផ្លូវនៅចំណុចកើតហេតុខាងលើក្នុងទិសដៅពីកើតទៅលិចដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ។ លុះដល់ម៉ោងកើតហេតុខាងលើក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1ID-3028 ធ្វើដំណើរស្របទិសដៅគ្នាពីលិចទៅកើតបានជ្រុលទៅបុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់បោកផ្ទប់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ បងម៉េង ខ្មែរណូត