ឈាមស្រែក ស្បែកហៅ! ករណីប្លន់សម្លាប់អ្នករត់ម៉ូឌុបនៅស្រុកមេសាង សមត្ថកិច្ចបន្តតាមចាប់ខ្លួនបក្ខពួកបាន ២នាក់ទៀត
ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង បន្តចាប់ខ្លួនបានបក្ខពួក២នាក់ទៀតហេីយ ពាក់ព័ន្ធករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនោះ ។ លោកឧត្តមសេនីយ៍ស្នងការខេត្តព្រៃវែងបានបញ្ជាក់ថា «ក្រោយការសួរនាំជនដៃដល់ ដែលចាប់បានកាលពីម្សិលមិញនោះ កម្លាំងនគរបាលរបស់យើង បានសហការគ្នាតាមទៅយកបាន២នាក់ទៀតជាបក្ខពួក ហើយនៅពេលនេះកំពុងធ្វើការសួរនាំដើម្បីចាត់ការតាមច្បាប់»។

សូមបញ្ជាក់ថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលបានបើកប្រតិបត្តិការ តាមចាប់ខ្លួនបាននៅវេលាម៉ោង ២១:១៥នាទី ថ្ងៃទី២២ ខែមិថុនា និងត្រៀមបញ្ចូនទៅកាន់តុលាការកាត់ទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត, លោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ជនសង្ស័យមានឈ្មោះ បាន កាន អាយុ៣០ឆ្នាំ រស់នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បានប្លន់សម្លាប់ជនរងគ្រោះឈ្មោះ ភី ឃុន អាយុ៤៩ឆ្នាំ នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់ម៉ោង ២៣:៣៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តថា ពេលចាប់ឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងដែលជារបស់ជនរងគ្រោះម៉ូតូសេ១២៥ ពណ៌ខ្មៅ ១គ្រឿង និងទូរសព្ទ័ដៃម៉ាកណូគា ១គ្រឿង ៕


ដោយ៖ បងម៉េង ខ្មែរណូត