កូវីដ-១៩

រដ្ឋជិត ៣០ នៅទូទាំងអាមេរិកមានការកើនឡើងនៃករណីកូវីដ១៩ ខណៈចំនួនករណីថ្មីប្រចាំថ្ងៃជាមធ្យមមាន ២៦,០០០ នាក់ ចាប់តាំងពីបើកទ្វារវិញ

BY
autoadmin
June 24, 2020

រដ្ឋនៅសហរដ្ឋអាមេរិកជាងពាក់កណ្ដាល កំពុងមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺ COVID-19 ចាប់តាំងពីរដ្ឋនៅទូទាំងអាមេរិកជាច្រើន បានបើកដំណើរការសេដ្ឋកិច្ចខ្លួនឡើងវិញបន្ទាប់ពីមានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺ។ យោងតាមកាសែត USA Today បាននិយាយថា មានរដ្ឋជិត ៣០ រួមមានរដ្ឋអារីហ្សូណា រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ កំពុងរាយការណ៍អំពីករណី COVID-19 ជាច្រើន នៅពេលដែលមន្រ្តីបន្តព្រមានប្រជាជនឱ្យអនុវត្តរក្សាគម្លាតនៅក្នុងទីសាធារណៈ។

គិតត្រឹមថ្ងៃអង្គារនេះមានរដ្ឋចំនួន ៧ ដូចជា៖ ញូវយ៉ក កាលីហ្វ័រញ៉ា ញូជឺស៊ី អ៉ីលីណយ តិចសាស់ ម៉ាសាឈូសេត និងផ្លរីដា មានករណីជាង ១០០,០០០ ករណី ត្រូវបានរាយការណ៍ចាប់តាំងពីបើកទ្វាររដ្ឋ។ រដ្ឋញូវយ៉កដែលធ្លាប់តែជារដ្ឋមានការវាយប្រហារពីជំងឺ COVID-19 ជាងគេនៅតែបន្ដមានករណីឆ្លង និងស្លាប់ ប៉ុន្តែយ៉ាងណាមានរដ្ឋអារីហ្សូណា មានការឆ្លងច្រើនជាងមុន បើប្រៀបនឹងមុនពេលបើទ្វាររដ្ឋវិញ។ រដ្ឋអារីហ្សូណាតែមួយមានករណីចំនួន ៣,៥៩១ ត្រូវបានរាយការណ៍ ដែលនាំឱ្យករណីសរុបក្នុងរដ្ឋនេះមានដល់ ៥៨,១៧៩ នាក់ ។

ចំនួនករណីថ្មីៗទាំងនេះមិនទាន់ចប់ត្រឹមនេះនោះទេ ព្រោះសហរដ្ឋអាមេរិករំពឹងថា ប៉ុន្មានសប្ដាហ៍ទៀតនឹងមានករណីកើនឡើងបន្ថែម ដោយសារថាការបើកទ្វារលឿនពេកវាស្មើនឹងការបង្កើតឱកាសឱ្យករណីថ្មីៗមានឡើងបន្ថែមទៀត។ ចំនួនករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់នៅទូទាំងប្រទេសក្នុងមួយថ្ងៃជាមធ្យម បានកើនឡើងដល់ជាង ២៦,០០០ នាក់ ដែលកាលពី ២ សប្តាហ៍ ចំនួនឆ្លងជាប្រចាំនៅអាមេរិកមានប្រមាណ ២១,០០០ ប៉ុណ្ណោះ នេះបើយោងតាមការវិភាគរបស់សមាគមទិន្នន័យ ដែលចងក្រងដោយសាកលវិទ្យាល័យចនស៍ហបឃីនស៍៕

អត្ថបទ៖ លីដា
ប្រភព៖ AA , Aljazeera

Share This Post: