កូវីដ-១៩

ប្រេស៊ីលក្លាយជាប្រទេសទី២ ដែលមានការឆ្លងនិងការស្លាប់ច្រើនបំផុត ដោយសារជំងឺកូវីដ១៩ ជាមួយករណីជាង ១.១ លាននាក់ និងស្លាប់ជាង ៥ម៉ឺននាក់

BY
autoadmin
June 24, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រេស៊ីលបានក្លាយជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារជំងឺ COVID-19 បន្ទាប់ពីមានអ្នកស្លាប់ជាង ៥០,០០០ នាក់ ត្រូវបានកត់ត្រាគិតមកទល់ពេលនេះ។ វាកើតឡើងចំពេលដែលភាពតានតឹងផ្នែកនយោបាយកំពុងតែកើនឡើង ហើយក៏ចំពេលដែលប្រទេសនេះទើបតែប្រកាសថា មានអ្នកឆ្លងជំងឺ COVID-19 ជាង ១ លាននាក់ នាពេលថ្មីៗនេះ។

ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Jair Bolsonaro ដើម្បីប្រឆាំងនឹងការរឹតត្បឹត និងផ្តោតលើសេដ្ឋកិច្ច បានធ្វើឱ្យមានការបែកបាក់គ្នាក្នុងនយោបាយប្រេស៊ីលយ៉ាងខ្លាំង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ២ រូប ដែលអ្នកទាំង ២ ជាវេជ្ជបណ្ឌិត បានចាកចេញពីមុខតំណែងរបស់ពួកគេ នៅពេលដែលការស្លាប់ និងការឆ្លងបានកើនឡើងទប់មិនជាប់។ អ្នកទីមួយត្រូវបានបណ្តេញចេញដោយលោក Jair Bolsonaro ខណៈអ្នកទី២ បានលាលែងពីតំណែង បន្ទាប់ពីមិនចុះសម្រុងនឹងលោកប្រធានាធិបតី។

សព្វថ្ងៃនេះប្រទេសប្រេស៊ីលមានករណីប្រចាំថ្ងៃច្រើនជាងគេបំផុត ទោះបីជាសហរដ្ឋអាមេរិកមានករណីសរុបច្រើនជាងក៏ដោយ។ គិតត្រឹមម្សិលមិញថ្ងៃអង្គារ ទី២៣ ខែមិថុនា ប្រទេសនេះមានករណីថ្មីប្រចាំថ្ងៃរហូតដល់ទៅជាង ៤០,០០០ នាក់ នេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers ។ រហូតមកទល់ពេលនេះប្រេស៊ីលមានករណីអ្នកឆ្លងជំងឺ COVID-19 ជាង ១.១ លាន និងមានអ្នកស្លាប់ជាង ៥១,០០០ នាក់ ត្រូវបានរាយការណ៍ពីទូទាំងប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: