រាជរដ្ឋាភិបាលលុបចោល អាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរស័ព្ទចល័តរបស់ក្រុមហ៊ុន qb
យោងតាមសេចក្តីសម្រេចរបស់និយ័តករទូរគមននាគមន៍កម្ពុជា បានធ្វើការលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរស័ព្ទចល័ត 3G ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដែលបានផ្តល់ជូនក្រុមហ៊ុន CADCOMMS ព្រមទាំងធ្វើការដកហូតហ្វ្រេកង់ស៍វិទ្យុ 10MHz x 2 និងហ្វ្រេកង់ស៍វិទ្យុម៉ៃក្រូវ៉េវពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជូនក្រុមហ៊ុន CADCOMMS សម្រាប់ប្រតិបត្តិការប្រព័ន្ធទូរស័ព្ទចល័ត។ និយ័តករទូរគមននាគមន៍កម្ពុជា ក៏ធ្វើការដកហូតលេខទូរគមនាគមន៍ 084 AXXX XXX, 083 AXXX XXX, 080 AXXX XXX, 013 AXXX XXX, និងលេខកូដទូរគមនាគមន៍ពាក់ព័ន្ធផ្សេងៗ ដែលបានផ្តល់ជូនក្រុមហ៊ុន CADCOMMS សម្រាប់ប្រតិបត្តិការប្រព័ន្ធទូរស័ព្ទចល័ត។

ក្នុងនោះផងដែរក្រុមហ៊ុន CADCOMMS ត្រូវទទួលខុសត្រូវទូទាត់បំណុល ដែលជំពាក់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធអាករ និងការលើកទឹកចិត្តផ្សេងៗ និងត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងភាគីទី៣ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងករណីមានការតវ៉ាកើតឡើងជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ៕
