កូវីដ-១៩

ប្រទេសថៃរកឃើញករណីកូវីដ១៩ នាំចូលចំនួន ១ ករណី ខណៈគ្មានករណីក្នុងស្រុក ៣០ថ្ងៃ ជាប់ៗគ្នាមកហើយ

BY
autoadmin
June 24, 2020

មជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីម្នាក់ ចេញពីកន្លែងនៅដាច់ដោយឡែកដែលរៀបចំដោយរដ្ឋាភិបាលថៃ សម្រាប់អ្នកដែលទើបត្រឡប់ពីបរទេស។ អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា អ្នកជំងឺម្នាក់នោះជាបុគ្គលិកភោជនីយដ្ឋាន ភេទប្រុស អាយុ ៣១ឆ្នាំ​ បានវិលត្រឡប់មកពីប្រទេសហ្វីលីពីន ហើយគាត់មិនចេញរោគសញ្ញានោះទេ។

គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ចំនួនករណី COVID-19 ដែលត្រូវបានបញ្ជាក់សរុបនៅក្នុងប្រទេសថៃមានចំនួន ៣,១៥៧ ដោយក្នុងនោះមានករណីក្នុងស្រុកចំនួន ២,៤៤៤ ករណី និង ២២០ ករណី ត្រូវបានរកឃើញនៅក្នុងកន្លែងនៅដាច់ដោយឡែករៀបចំដោយរដ្ឋ។ នៅសល់អ្នកជំងឺចំនួន ៧៣ នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការព្យាបាល ខណៈ ៣,០២៦ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញទៅផ្ទះ ចំណែកការស្លាប់នៅ ៥៨ នាក់ដដែល។

ករណីនៅទូទាំងពិភពលោកពេលនេះមាន ៩.៣ លាននាក់ ដោយបន្ថែមករណីចំនួន ១៦៥,០០០ កាលពីថ្ងៃអង្គារ ហើយក្នុងនោះមានអ្នកស្លាប់សរុប ៤៧០,០០០ នាក់ ផងដែរ។ ក្នុងចំណោមមនុស្សដែលឆ្លងជាង ៩.៣ លាននាក់ មានអ្នកជំងឺតែ ៤.៨ ដែលបានជាសះស្បើយ ខណៈការកើនឡើងនៃការឆ្លងជាប្រចាំថ្ងៃកាន់តែកើនឡើងៗក្នុងចំនួនមិនធ្លាប់មាន។ ដូច្នេះសូមបងប្អូនទាំងអស់បន្ដការប្រុងប្រយ័ត្ន រក្សាអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: