កូវីដ-១៩

ឥណ្ឌាកត់ត្រាតួលេខឆ្លងកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុត ជាមួយករណីថ្មីជិត ១៧,០០០នាក់ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ

BY
autoadmin
June 25, 2020

យោងតាមការចុះផ្សាយរបស់ Business Standard នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ឥណ្ឌាមានការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺ COVID-19 ដោយនៅថ្ងៃនេះមានករណីជិត ១៧,០០០ ត្រូវបានបញ្ជាក់។ តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសឥណ្ឌាកើនដល់ ៤៧៣,១០៥ នាក់ ខណៈអ្នកជំងឺចំនួន ១៤,៩០០ នាក់ បានស្លាប់។ រដ្ឋធានីដេលីមានករណីសរុប ៧០,០០០ ករណី ខណៈរដ្ឋ Maharashtra នៃទីក្រុងហិរញ្ញវត្ថុបុមបៃ មានករណីសរុប ១៤២,០០០ ហើយការស្លាប់រហូតដល់ទៅ ៤០% នៃអ្នកជំងឺ COVID-19 នៅឥណ្ឌាក៏ចេញពីទីក្រុងទាំង២នេះដែរ។

ដោយមើលឃើញពីវិបត្តិកាន់តែអាក្រក់ទៅៗ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចឥណ្ឌាប្រឈមមុខនឹងការធ្លាក់ចុះខ្លាំងជាងការគ្រោងទុកនៅក្នុងខែមេសាទៅទៀត នៅពេលប្រទេសនេះកំពុងប្រយុទ្ធនឹងជំងឺ COVID-19 ។ ធនាគារនេះបានព្យាករថា ឥណ្ឌានឹងមានសេដ្ឋកិច្ចធ្លាក់ចុះ ៤.៥% ដែលជាការធ្លាក់ចុះខ្លាំងជាងការព្យាករកាលពីខែមេសា ពោលគឺ ១.៩% ច្រើនជាងការព្យាករចាស់។ ចំណែកករណីនៅទូទាំងពិភពលោកពេលនេះកើនដល់ ៩.៥លាននាក់ ខណៈការស្លាប់សរុបមានជាង ៤៨០,០០០នាក់ហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Standard

Share This Post: