ការពិតរឿងរុះរើផ្ទះសសរ១០០ នៅខេត្តក្រចេះ គឺម្ចាស់ផ្ទះ រំអុកស្នើសុំឲ្យក្រសួងចុះរុះរើផ្ទះជាបន្ទាន់ ព្រោះយកដីទុកសង់ផ្ទះថ្មីចែកជូនកូនចៅរបស់គាត់ ចុងក្រោយក្រសួងមានតែធ្វើរឿងមួយនេះទើបសង្គ្រោះសំណង់ផ្ទះបុរាណមួយនេះបាន
យោងតាមលិខិតបំភ្លឺរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានឲ្យដឹងថា នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានព័ត៌មានផ្សព្វផ្សាយជាច្រើននៅតាមបណ្តាញសង្គម និងសារព័ត៌មានអនឡាញបានលើកឡើងពីស្ថានភាពនៃការរុះរើផ្ទះសសរ១០០ ដែលស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដោយបានចែកចាយខ្លឹមសារបង្កឲ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់អាជ្ញាធរ ស្ថាប័ន និងក្រសួងពាក់ព័ន្ធថា មិនបានយកចិត្តទុកដាក់អភិរក្សសំណង់បុរាណផ្ទះសសរ១០០នេះ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានឲ្យដឹងថា ការរុះរើផ្ទះសសរ១០០នេះធ្វើឡើង ដើម្បីជួយសង្គ្រោះដល់សំណង់ផ្ទះបុរាណមួយនេះឲ្យរួចផុតពីការខូតខាតដោយប្រការណាមួយ ត្បិតម្ចាស់ផ្ទះស្នើសុំអាជ្ញាធរខេត្តរុះរើ ដើម្បីយកដីសង់ផ្ទះថ្មីចែកជូនកូនចៅរបស់គាត់។ ក្រោយទទួលបានដំណឹងនេះ ក្រុមការងារចម្រុះរបស់ខេត្តដឹកនាំដោយ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត បានចុះទៅសម្របសម្រួលជាមួយម្ចាស់ផ្ទះជាច្រើនលើកច្រើនសាររហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ទើបម្ចាស់ផ្ទះយល់ព្រមទទួលសំណងជាថវិកាពីក្រសួង។ បន្ទាប់ពីមានការព្រមព្រៀង ក្រសួងបានខិតខំស្វះស្វែងរកថវិកា ដើម្បីដោះស្រាយជាមួយម្ចាស់ផ្ទះ ដោយឡែកម្ចាស់ផ្ទះបានរំអុកស្នើសុំឲ្យក្រសួងចុះរុះរើផ្ទះជាបន្ទាន់ បើមិនដូច្នោះទេ គាត់នឹងប្តូរចិត្តលែងប្រគល់ផ្ទះជាបន្ទាន់ បើមិនដូច្នោះទេគាត់នឹងប្តូរចិត្តលែងប្រគល់ផ្ទះសសរ១០០នេះជូនដល់ក្រសួងថែរក្សាបន្តឡើយ។
ក្នុងកាលៈទេសៈលំបាកនេះ ក្រសួងគ្មានជម្រើសអ្វីក្រៅពីការសម្រេចចិត្តផ្តល់ថវិកាហើយស្វះស្វែងរកជាងមករុះរើជាបន្ទាន់ បើទោះជាដឹងថាការរុះរើចំពេលរដូវវស្សាក៏ដោយ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ផងដែរថា ការរុះរើនេះមិនមែនជាការបំផ្លាញឡើយ ប៉ុន្តែជាការរុះរើមួយដែលមានការត្រួតពិនិត្យហ្មតចត់ ហើយមានការពិគ្រោះយល់ជាមួយក្រុមបុរាណវិទូ ស្ថាបត្យករ និងវិស្វករជំនាញរបស់ក្រសួង ដើម្បីបញ្ចៀសការខូចខាតគ្រឿងឈើឲ្យបានតិចតួច ព្រោះក្រសួងមានបំណងយកសំណង់នេះទៅសាងសង់ឡើងវិញនៅក្នុងបរិវេណវត្តរកាកណ្តាល នាទីរួមខេត្តក្រចេះ ដែលជាទីតាំងសំណង់វត្តបុរាណដ៏ល្បីល្បាញមួយរបស់ខេត្តនិងថ្នាក់ជាតិ។ សំណង់ផ្ទះសសរ១០០នឹងមិនបាត់បង់ទៅណាឡើយ ត្បិតក្រោយការសាងសង់ និងជួសជុលឡើងវិញ ផ្ទះនេះនឹងក្លាយទៅជាសារមន្ទីរ និងជាមរតកសំណង់បុរាណខ្មែរដ៏មានតម្លៃ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបានចូលទស្សនា និងសិក្សាស្រាវជ្រាវ៕

