កូវីដ-១៩

សាំងហ្គាពួរថ្ងៃព្រហស្បត្តិ៍នេះ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ១១៣ នាក់ ក្នុងនោះមានករណីសហគមន៍ ៥នាក់

BY
autoadmin
June 25, 2020

សាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 ថ្មីបន្ថែមចំនួន ១១៣ ករណី នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនានេះ ដែលនាំឱ្យចំនួនសរុបកើនដល់ ៤២,៧៣៦ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីសម្រាប់ថ្ងៃព្រហស្បត្តិ៍នេះ រួមមានករណីសហគមន៍ចំនួន ៥ ដែលក្នុងនោះមាន ១ ជាអ្នកស្រុក និង ៤នាក់ ជាអ្នកកាន់ការងារដែលរស់នៅក្រៅអន្តេវាសិកដ្ឋាន ហើយក្រៅពីនោះគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករទាំងអស់។

គិតត្រឹមថ្ងៃពុធ ទី២៤ ខែមិថុនា ប្រទេសសាំងហ្គាពួរមានអ្នកជំងឺ COVID-19 កំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៨៩នាក់ ខណៈអ្នកជំងឺ ៦,១០៩ នាក់ កំពុងស្នាក់នៅក្នុងកន្លែងថែទាំសហគមន៍។ ថ្វីបើសាំងហ្គាពួរមានករណីរាល់ថ្ងៃមែនពិត ប៉ុន្តែប្រទេសនេះមានតួលេខស្លាប់តិចតួចបំផុតមួយ ដោយនៅរក្សាការស្លាប់ត្រឹម ២៦នាក់ដដែល។ ចំណែកករណី COVID-19 ទូទាំងពិភពលោកពេលនេះបានកើនដល់ ៩.៥លាននាក់ ខណៈមានស្លាប់ជាង ៤៨០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: