រថយន្ត

Jaguar Land Rover និងដៃគូសហការ បានរួមដៃគ្នាដំណើរការតាក់ស៊ីសាកអាគុយឥតខ្សែកម្រិតខ្ពស់ ដំបូងបំផុតក្នុងពិភពលោកនៅប្រទេសន័រវែស

BY
autoadmin
June 25, 2020

ក្រុមហ៊ុន Jaguar Land Rover នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនបានសហការជាមួយទីក្រុងអូស្លូ ប្រទេសន័រវែស ដើម្បីដំណើរការប្រព័ន្ធតាក់ស៊ីដែលអាចសាកអាគុយឥតខ្សែមានថាមពលខ្លាំ។ វាជាគម្រោងក្រោមកម្មវិធីមួយហៅថា “ElectriCity” ហើយក្រុមហ៊ុនរថយន្តអង់គ្លេសនេះនឹងចូលរួមជាមួយប្រតិបត្តិករតាក់ស៊ី Cabonline, Fortum Recharge, Momentum Dynamics ដើម្បីដំណើរការគ្រោងការនេះឡើង។

ក្រោមភាពជាដៃគូនេះក្រុមហ៊ុនជាដៃគូទាំងអស់ នឹងត្រូវធ្វើការដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធកន្លែងសាកអាគុយឥតខ្សែ និងមានថាមពលខ្ពស់សម្រាប់តាក់ស៊ី នៅទូទាំងរាជធានីអូស្លូ នៃប្រទេសន័រវែស។ ក្រុមហ៊ុន Jaguar Land Rover ក៏នឹងផ្តល់ជូននូវរថយន្ត Jaguar I-PACE ចំនួន ២៥​ គ្រឿង ដែលជារថយន្តមានសម្ថភាពខ្ពស់ក្នុងការសាកអាគុយដោយឥតខ្សែ ដល់ក្រុមហ៊ុន Cabonline ដើម្បីបម្រើដល់គម្រោងនេះ។

លោក Ralf Speth នាយកប្រតិបត្តិក្រុមហ៊ុន Jaguar Land Rover បានមានប្រសាសន៍ថា៖«យើងពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះគម្រោងអគ្គិសនីរបស់យើង ហើយយើងប្តេជ្ញាធ្វើឱ្យរថយន្តអគ្គិសនីងាយស្រួលគ្រប់គ្រង និងប្រើប្រាស់។ ឧស្សាហកម្មតាក់ស៊ីគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការសាកល្បងសាកថ្មឥតខ្សែ ក៏ដូចជាសម្រាប់រថយន្តចម្ងាយឆ្ងាយទូទៅ»។ ដូច្នេះវាមានន័យថា តាក់ស៊ីឈប់តែ ៦ ទៅ ៨នាទី នៅទីតាំងសាកឥតខ្សែទាំងនោះ ពួកគេអាចទទួលបានថាមពល​ ៥០គីឡូវ៉ាត់ យ៉ាងងាយស្រួល។

Jaguar Land Rover និយាយថា ជាមួយគម្រោងនេះទីក្រុងអូស្លូ នឹងក្លាយជាតំបន់ទីប្រជុំជនដំបូងគេនៅលើពិភពលោក ក្នុងការដំឡើងស្ថានីយសាកអាគុយដែលមានថាមពលខ្ពស់ឥតខ្សែ សម្រាប់តាក់ស៊ីអគ្គិសនីក្នុងគោលបំណង ដើម្បីធ្វើឱ្យគ្រោងការគ្មានការបំភាយបរិស្ថានរបស់ខ្លួន អាចជោគជ័យទៅបានត្រឹមឆ្នាំ២០២៤៕

អត្ថបទ៖ លីដា
ប្រភព៖ Insider Media

Share This Post: