កូវីដ-១៩

BREAKING NEWS! ថ្ងៃនេះជប៉ុនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ១០០នាក់ ដែលជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីដើមខែឧសភា

BY
autoadmin
June 26, 2020

ជំងឺរាតត្បាត COVID-19 បានកើនឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសជប៉ុន ដោយរួមទាំងក្នុងចំណោមមនុស្សទើបតែពេញវ័យផងដែរ។ ជាក់ស្ដែងនៅថ្ងៃសុក្រនេះផ្ទាល់ ប្រទេសជប៉ុនបានរាយការណ៍ពីជំងឺ​ COVID-19 ថ្មីរហូតដល់ទៅជាង ១០០ ករណី ហើយវាជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០។ ភាគច្រើននៃការឆ្លងថ្មីៗនេះគឺនៅក្នុងទីក្រុងតូក្យូ ជាមួយនឹងករណីចំនួន ៥៤ ហើយវាក៏ជាលើកទី២ ក្នុងសប្ដាហ៍នេះ ដែលទីក្រុងតូក្យូមានករណីថ្មីលើសពី ៥០ ។

ជប៉ុនបាននិយាយថា ៣ ភាគ ៤ នៃប្រជាជនដែលទើបតែត្រូវបានបញ្ជាក់ថាឆ្លង COVID-19 គឺមានអាយុតិចជាង ៤០ឆ្នាំ។ ខេត្ត Tokushima នៅភាគខាងលិចប្រទេសជប៉ុន បានឃើញមានករណី COVID-19 ជាលើកដំបូង ដែលបានកើតលើស្ត្រីម្នាក់ដែលមានអាយុ ២០ឆ្នាំ។ ក្រុមមន្រ្តីមិនដឹងថាពេលណានាងឆ្លងជំងឺនេះទេ ប៉ុន្តែនិយាយថាថ្មីៗនេះនាងបានទៅលេងក្លឹបរាត្រីមួយនៅអូសាកា ហើយឥឡូវនេះពួកគេកំពុងធ្វើតេស្ដអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាង។

អភិបាលខេត្ត Tokushima លោក Iizumi Kamon មានប្រសាសន៍ថា៖«នេះអាចរីករាលដាលឬអភិវឌ្ឍទៅជាចង្កោម។ ខ្ញុំបានណែនាំមន្ត្រីមូលដ្ឋានឱ្យបង្កើតប្រព័ន្ធមួយ ដូច្នេះយើងអាចចាត់វិធានការសមស្រប»។ គួរជម្រាបដែរថាគិតមកទល់ពេលនេះ ជប៉ុនមានករណីសរុបជាង ១៨,៣០០ ខណៈមនុស្សជាង ៩៧០ នាក់បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: