កូវីដ-១៩

ការឆ្លងជំងឺកូវីដ១៩ នៅសាំងហ្គាពួរបានកើនដល់ ៤៣,២៤៦ ករណី បន្ទាប់ពីរកឃើញករណីថ្មីចំនួន ២៩១ នៅថ្ងៃសៅរ៍នេះ

BY
autoadmin
June 27, 2020

សាំងហ្គាពួរបានរាយការណ៍ថា មានករណីជំងឺ COVID-19 ចំនួន ២៩១ ត្រូវបានរកឃើញគិតត្រឹមរសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងនោះមាន ១១នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យចំនួនសរុបនៅសាំងហ្គាពួរកើនដល់ ៤៣,២៤៦ ករណី ខណៈការស្លាប់មាន ២៦ នាក់ដដែល។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីសហគមន៍ថ្មីមាន ៥នាក់ ជាជនជាតិសាំងហ្គាពួរឬជាអ្នករស់នៅអចិន្ត្រៃយ៍ ហើយមាន ៦នាក់ ជាអ្នកកាន់ប័ណ្ណការងារធ្វើ។

ក្រសួងបរិស្ថាននិងធនធានទឹកនៅថ្ងៃសុក្រនេះ បានប្រាប់ឱ្យពលរដ្ឋនៅសាំងហ្គាពួរបន្តអនុវត្តការរក្សាគម្លាត ដោយសារតែប្រទេសនេះនឹងមានការបោះឆ្នោតឆាប់ៗនេះ។ ពោលគឺបន្ទាប់ពីបង្ហាញបេក្ខភាពឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា គណបក្សនយោបាយនិងបេក្ខភាពត្រូវបានគេរំពឹងថា នឹងបង្កើនសកម្មភាពឃោសនាបោះឆ្នោត នៅមុនថ្ងៃបោះឆ្នោតនៅថ្ងៃទី១០ ខែកក្កដា ចូលមកដល់។ ដូច្នេះពលរដ្ឋត្រូវបន្ដការរក្សាគម្លាត និងបន្តពាក់ម៉ាស់ ដើម្បីទប់ទល់នឹងជំងឺ COVID-19 នៅថ្ងៃមមាញឹកខាងមុខនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: