រថយន្ត

តោះ! មកស្គាល់រូបរាង F-150 ស៊េរីឆ្នាំ 2021 ដែលទើបតែចេញក្ដៅៗ ហើយលើកនេះមានទាំងប្រភេទកូនកាត់ និងមុខងារបើកបរដោយមិនចាំបាច់ប្រើដៃ

BY
autoadmin
June 27, 2020

ក្រុមហ៊ុន Ford បានបង្ហាញជាផ្លូវការនូវម៉ូដែល F-150 ស៊េរីឆ្នាំ២០២១ ហើយរថយន្តភីកអាប់ជំនាន់ថ្មីចុងក្រោយនេះ នឹងអាចមានលក់នៅចុងឆ្នាំ២០២០នេះហើយ។ រថយន្ត F-150 ស៊េរីថ្មី នឹងមានមុខងារបើកបរដោយមិនប្រើដៃ (option) ក៏ដូចជាសមត្ថភាពទទួលបានការអាប់ដេតកម្មវិធីតាមរលកធាតុអាកាស និងអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ។ ក្រុមហ៊ុន Ford ក៏នឹងចាប់ផ្តើមលក់ F-150 ប្រភេទកូនកាត់ ដែលអាចធ្វើដំណើរបានចម្ងាយ ៧០០ ម៉ាយ (១,១២៦គីឡូម៉ែត្រ) នៅពេលចាក់ហ្គាស់ពេញម្ដងផងដែរ។

មុខងារបើកបរដោយមិនប្រើដៃថ្មីរបស់ F-150 ស៊េរីឆ្នាំ២០២១ ត្រូវបានគេឱ្យឈ្មោះថា Active Drive Assist ហើយមុខងារនេះក៏នឹងត្រូវបំពាក់លើរថយន្តអគ្គិសនី Mustang Mach-E ដែលក្រុមហ៊ុន Ford នឹងបញ្ចេញនៅឆ្នាំក្រោយ ដើម្បីឱ្យទាន់សម័យកាលនៃរថយន្តអគ្គសនី។ ប្រព័ន្ធ Active Drive Assist នឹងអាចដំណើរការលើផ្លូវហាយវេមួយចំនួន ដែលក្រុមហ៊ុន Ford បានកំណត់ទីតាំងប៉ុណ្ណោះ ហើយអតិថិជននឹងត្រូវទិញកញ្ចប់ hardware ពិសេសដើម្បីអាចប្រើប្រាស់ប្រព័ន្ធនេះ។

រថយន្ត F-150 ស៊េរីឆ្នាំ២០២១ ក៏នឹងមកជាមួយនឹងអេក្រង់បង្ហាញទំហំ ១២អ៉ីញ និង ៨អ៉ីញ ទៅតាមប្រភេទទំហំ ហើយទាំង ២ នឹងដំណើរការជាមួយមុខងាររុករក Sync 4 ដូចគ្នា។ ស៊េរីថ្មីនេះគឺជារថយន្តតែមួយគត់ ដែលអាចភ្ជាប់ Apple CarPlay និង Android Auto ដោយឥតខ្សែ (wireless) ហើយវាក៏មានបន្ទះសាកឥតខ្សែនៅក្រោមអេក្រង់ infotainment ក៏ដូចជារន្ធសាក USB-A និង USB-C ។ គ្រប់រថយន្ត F-150 ស៊េរីឆ្នាំ២០២១ នឹងមានអេក្រង់កុងទ័រឌីជីថលទំហំ ១២អ៉ីញ នៅពីក្រោយដៃចង្កូតទាំងអស់។

ក្រុមហ៊ុន Ford កំពុងធ្វើការលើរថយន្ត F-150 ប្រភេទអគ្គិសនីដែលនឹងត្រូវចេញនៅឆ្នាំ២០២២ ប៉ុន្តែស្របពេលជាមួួយគ្នានេះ ពួកគេក៏មានជាប្រភេទកូនកាត់សម្រាប់ F-150 ដែលជាការដើរតាមគន្លង General Motors និង Fiat Chrysler ។ ប៉ុន្តែយ៉ាងណា Ford អះអាងថា រថយន្តរបស់ពួកគេគឺជាប្រភេទកូនកាត់សុទ្ធ មិនមែនប្រើប្រាស់ម៉ូទ័រ ឬអាគុយបន្តិចបន្ទួច ដើម្បីបង្កើនប្រសិទ្ធភាពនោះទេ។ Ford ប្រើបច្ចេកវិទ្យាជំនាន់ទី៤ របស់ខ្លួន ជាមួយនឹងអាគុយទំហំ ១.៥ គីឡូវ៉ាត់ម៉ោង ដែលអាចឱ្យម៉ូទ័រទាញបានថាមពល ៣៥​ គីឡូវ៉ាត់ ពីអាគុយនោះ។ យ៉ាងណាក៏ដោយ ចំពោះតម្លៃរថយន្ត និងមុខងារផ្សេងៗទៀតនៅមិនទាន់មានការបង្ហាញលម្អិតនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: