កូវីដ-១៩

ព្រឹកនេះកម្ពុជារកឃើញបុរសខ្មែរ២នាក់ទៀតមានវិជ្ជមានកូវីដ១៩ ដែលជាអ្នកដំណើរមកពីម៉ាឡេស៊ី

BY
Khmernote Media
June 28, 2020

ព្រឹកនេះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីបន្ថែមទៀត ដែលជាបុរសជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរអាយុ១៥ឆ្នាំ អាសយដ្ឋានភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្តាល ហើយអ្នកទាំង២នាក់ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់ បានមកដល់កម្ពុជាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺទាំង២នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

ជើងហោះហើរនោះមានអ្នកដំណើរសរុប១០៧នាក់ (ខ្មែរ១០៥នាក់ ម៉ាឡេស៊ី០២នាក់) ហើយអ្នកដំណើរជនជាតិខ្មែរចំនួន ១០៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ត្រូវបានបន្តស្នាក់នៅមជ្ឈមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ រាជធានីភ្នំពេញ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) ដើម្បីរងចាំការដឹកជញ្ជូនទៅបន្តធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តដែលពួកគាត់រស់នៅរៀងៗខ្លួន ចំណែកឯបុរសជនជាតិម៉ាឡេស៊ី០២នាក់ បន្តស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលមានជ្រើសរើសយកបង់ថ្លៃសណ្ឋាគារ) ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តទៀត៕

Share This Post: