អ្នកបេីករបួសធ្ងន់ អ្នកជិះពីក្រោយស្លាប់ បន្ទាប់ពីជិះម៉ូតូលឿនស្លេវឡេីងចិញ្ចេីមផ្លូវទៅបុកដេីមកោក បណ្ដាលឲ្យដួលបោកនឹងថ្នល់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានរេចង្កូតជ្រុលឡើងចិញ្ចើមផ្លូវ ទៅបុកគល់ដើមក្ងោកពេញទឹហឹង បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចមុខក្លឹបកម្សាន្តប៊ូឡាញ ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរមានឈ្មោះ សេង យ៉េង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិពោធិ៍ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរកម្មករ បានរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនពន្លឺ មកដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ អ្នករួមដំណើរឈ្មោះ វ៉ាន វ៉ានឆៃ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ មុខរបរជាងជួសជុលរថយន្ត (បានស្លាប់នៅកន្លែងកើតហេតុ) ។
តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនពីរនាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក Smash-V ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ-3617 ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដលចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលឡើងលើចិញ្ចើមផ្លូវទៅបុកគល់ដើមឈើពេញទំហឹង បណ្ដាលឲ្យដួលបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឺ មកដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីរងចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌធ្វើកំណត់ហេតុ រួចអោយរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រងចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕







ដោយ៖ បងម៉េង ខ្មែរណូត