ពុទ្ធោអើយ…យកគ្រាប់មិនស្គាល់មកកែច្នៃ ខណៈកំពុងយកម៉ូទ័រមកអាកាត់ ស្រាប់តែផ្ទុះបែកសាច់ខ្ទេចទាំងដុំៗស្លាប់ភ្លាមៗនៅអង្គស្នួល
ខេត្តកណ្តាល៖ មានករណីកែឆ្នៃគ្រាប់យុទ្ធភណ្ឌបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
តាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ២៥ឆ្នាំ បានអោយដឹងថា នៅអំឡុងប្រហែលជាងដប់ឆ្នាំមុន ជនរងគ្រោះបានបង្កើតសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារមកទល់បច្ចុប្បន្ន ។
លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានយកគ្រាប់ប្រភេទពុំស្គាល់ ហើយបានយកម៉ូទ័រមកអាកាត់កែឆ្នៃនៅក្នុងរោងសិប្បកម្មរបស់ខ្លួន ខណៈពេលនោះស្រាប់តែផ្ទុះគ្រាប់នោះជាបំណែក បណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែកនៅជុំវិញកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕
