រថយន្ត

ដើរឱ្យទាន់សម័យកាល! Nissan នឹងបង្ហាញវត្តមានរថយន្តអគ្គិសនី Ariya នៅពាក់កណ្ដាលខែក្រោយនេះ

BY
autoadmin
June 29, 2020

ពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ Nissan នឹងបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនឈ្មោះថា Ariya ដែលវាគឺជារថយន្តប្រភេទ crossover រំពឹងនឹងទាមទារការចាប់អារម្មណ៍ច្រើនដូច Tesla Model Y ។ រថយន្តនេះនឹងចេញលក់នៅប្រទេសជប៉ុនដំបូង ហើយបន្ទាប់មកទៀតវានឹងមានលក់នៅលើទីផ្សារពិភពលោក រួមមានប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាទីផ្សារធំៗនៃរថយន្ត។ Ariya ត្រូវបានគេប្រកាសនៅអំឡុងពេលនៃការប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ហើយវានឹងបង្ហាញវត្តមាននៅថ្ងៃទី១៥ ខែកក្កដា ខែក្រោយនេះហើយ។

ក្រុមហ៊ុន Nissan កាលពីសប្ដាហ៍មុនក៏បានបង្ហើបដែរថា ពួកគេនឹងបង្ហាញវត្តមានរថយន្ត crossover ដែលគ្មានការបំភាយ ហើយវានឹងបំពាក់ដោយប្រព័ន្ធ ProPilot 2.0 ដែលជាប្រព័ន្ធស្វយ័តទំនើប សម្រាប់ជួយដល់អ្នកបើកបរ ប៉ុន្តែវាមិនច្បាស់ទេថាតើរថយន្តសម្រាប់ទីផ្សារក្រៅស្រុកមានបំពាក់ប្រព័ន្ធនេះឬអត់។ ជម្រាបដែរថា ProPilot 2.0 ជាប្រព័ន្ធតែអាចឱ្យរថយន្តថែរក្សាការបង្កើនល្បឿន ចាប់ហ្វ្រាំង និងបញ្ជាចង្កូតដោយខ្លួនឯងនៅលើផ្លូវហាយវេ ដោយមិនត្រូវការអ្នកបើកបររក្សាដៃរបស់ពួកគេនៅលើចង្កូតគ្រប់ពេលឡើយ។

នាយកប្រតិបត្តិលោក Makoto Uchida បានពន្យល់ថា៖«ចំណុចលេចធ្លោរបស់ Ariya គឺការបញ្ចូលគ្នានៃប្រព័ន្ធអគ្គិសនី និងបច្ចេកវិទ្យាជំនួយដល់អ្នកបើកបរ ដែលត្រូវបានគេរំពឹងថានឹងអភិវឌ្ឍទៅជារថយន្តបើកបរដោយខ្លួនឯងនាពេលអនាគត។ យើងរំពឹងថា រថយន្ត Ariya ស៊េរីថ្មីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាយីហោ និងមុខមាត់របស់ក្រុមហ៊ុន Nissan សម្រាប់យុគសម័យថ្មីនេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ Car Scoops

Share This Post: