ព័ត៌មានជាតិ

សម្តេចតេជោនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ចំពោះមន្រ្តីដែលឃុបឃិតបញ្ចូលសាច់ញាត្តិ ខ្លួនឯងមិនមែនជាគ្រួសារក្រីក្រពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភ

BY
srey nuch
June 30, 2020

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមាននឹងចាត់វិធានការក្តៅចំពោះមន្រ្តីពាក់ព័ន្ធដែលឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភ ដែលនេះជាទង្វើខុសច្បាប់គ្មានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនៅថ្ងៃទី៣០ ខែមិថុនាបានសរសេរឲ្យដឹងថា៖ ការងារផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុត ។ សម្តេចតេជោបញ្ជាក់ថា ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្តេចបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”ដើម្បីធានាឲ្យបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។ សម្តេចតេជោបញ្ជាក់ថា ការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវធ្វើជាបន្តបន្ទាប់ទៀត។

ជាជំហានដំបូងនេះ“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”បានផ្តល់ជូនចំនួន៦០ម៉ឺនគ្រួសារ ក្នុងនោះ៖
ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
+ «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។
+ «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។
ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
+ «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។
+ «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
ទី៣៖ តំបន់ជនបទ
+ «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
+ «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។
បើតាមសម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: