ដើម្បីទទួលបានសុខភាព និងសម្រស់កាន់តែល្អប្រសើរ ចូរចាប់ផ្ដើមអនុវត្តន៍ទម្លាប់សាមញ្ញៗមួយចំនួនទាំងនេះភ្លាម
ពេលខ្លះ ដើម្បីទទួលបានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងជីវិត អ្នកគួរតែសម្លឹងមើលរបៀបរស់នៅរបស់ខ្លួនឯង។ ក្នុងអំឡុងពេលមួយថ្ងៃៗយើងប្រហែលជាបានធ្វើសកម្មភាពជាច្រើនដដែលដោយមិនដឹងខ្លួន ឬតាមទម្លាប់។ ដូច្នេះហេតុអ្វីយើងមិនសាកល្បងព្យាយាមកែប្រែសកម្មភាពទាំងនោះឲ្យក្លាយជាទម្លាប់ល្អ? វាមិនពិបាកណាស់ណាទេ ហើយក៏មិនផ្ដល់ភាពធុញទ្រាន់ដល់យើងដែរ! ខាងក្រោមជាទម្លាប់ដ៏ល្អបំផុតមួយចំនួនដែលនឹងជួយធ្វើឲ្យសុខភាព និងសម្រស់របស់អ្នកកាន់តែមានភាពប្រសើរឡើងមិនគួរឲ្យជឿ ៖
១. ទទួលទានទឹកក្រូចឆ្មារ ១ កែវ រៀងរាល់ព្រឹក ៖ បង្កើតទម្លាប់ល្អមួយដោយទទួលទានទឹកក្ដៅឧណ្ហៗ ១ កែវ ដែលលាយជាមួយទឹកក្រូចឆ្មារ និងម្ទេសក្រហមម៉ដ្ឋ ១ ចិប ជារៀងរាល់ថ្ងៃ។ ភេសជ្ជៈនេះនឹងជួយសម្រួលដល់ប្រព័ន្ធរំលាយនៅពេលអ្នកចាប់ផ្ដើមទទួលទានអាហារពេលព្រឹក។ ទឹកក្រូចឆ្មារមានផ្ទុកនូវវីតាមីន C ដែលជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំនឹងមេរោគ ខណៈដែលម្ទេសក្រហម ឬ ម្ទេស cayenne បង្កើនល្បឿននៃការរំលាយអាហារ។ លើសពីនេះទៅទៀត ទម្លាប់នៃការទទួលទានភេសជ្ជៈដ៏សាមញ្ញនេះក៏ជួយស្ដារឡើងវិញនូវសុខភាពស្បែកផងដែរ។

២. ជូតមុខជាមួយនឹងដុំទឹកកកដែលធ្វើឡើងពីទឹកផ្កា chamomile ៖ ទម្លាប់ពេលព្រឹកដ៏មានអត្ថប្រយោជន៍បំផុតមួយផ្សេងទៀត គឺការជូតមុខជាមួយនឹងដុំទឹកកកដែលធ្វើពីទឹកផ្កា Chamomile។ វិធីនេះជួយបំបាត់ស្នាមជ្រីវជ្រួញចេញពីផ្ទៃមុខ និងពន្លឿនដំណើរការនៃការផ្លាស់ប្ដូរស្បែក។ ភ្លាមៗបន្ទាប់ពីអនុវត្តន៍ អ្នកនឹងទទួលបានស្បែកមុខពណ៌ក្រហមព្រឿងៗរលោងស្អាតស្រស់ថ្លាគួរឲ្យចង់គយគន់ ជំនួសឲ្យការហើមមុខនៅពេលព្រឹក។

៣. ទម្លាប់ទទួលទានអាហារសម្រន់សុខភាពល្អ ៖ ជំនួសឲ្យការទទួលទានអាហារសម្រន់មិនល្អដូចជា ស្ករសូកូឡា នំកញ្ចប់ផ្សេងៗ ឬនំឃុកគី ជាដើម អ្នកគួរតែព្យាយាមទទួលទានផ្លែឈើ ទឹកដោះគោជូរ ឬយ៉ាអ៊ួ នំប័ុង ឬនំស្រួយធ្វើឡើងពីស្រូវសាឡី និងគ្រាប់ធញ្ញជាតិជំនួសវិញ ដើម្បីកាត់បន្ថយចំណង់នៃការទទួលទានអាហារមិនល្អចំពោះសុខភាពនៅចន្លោះពេលអាហារធំៗទាំង ៣។

៤. ប្រើប្រាស់ខ្សែសម្អាតធ្មេញ ៖ ស្ថានភាពនៃធ្មេញ គឺអាស្រ័យលើសុខភាពរាងកាយរបស់អ្នក។ អ្នកវិទ្យាសាស្ត្រជាច្រើនក៏បានបញ្ចាក់ឲ្យដឹងពីទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងជំងឺសសៃឈាមបេះដូងផងដែរ។ ការប្រើប្រាស់ខ្សែសម្អាតធ្មេញ គឺជាវិធីដ៏ចាំបាច់បំផុត ដើម្បីថែរក្សាធ្មេញពីការពុកផុយ ឬប្រហោង។ ខ្សែសម្អាតធ្មេញមានសមត្ថភាពកម្ចាត់នូវរាល់កាកសំណល់អាហារដែលគាំងជាប់នៅចន្លោះធ្មេញ និងផ្នែកផ្សេងទៀតដែលច្រាសដុសធ្មេញមិនអាចសម្អាតដល់។

៥. ទទួលទានប៉ោមមួយផ្លែ បន្ទាប់ពីអាហារមួយពេល ៖ វាជាវិធីដ៏ងាយបំផុតដើម្បីសម្អាតកំទេចកំទីអាហារដែលគាំងជាប់ធ្មេញ ជួយធ្វើឲ្យចរន្តឈាមនៅក្នុងអញ្ចាញមានភាពប្រសើរឡើងជាងមុន និងកាត់បន្ថយជាតិជូរ ឬអាស៊ីតក្នុងមាត់ផងដែរ។ ជ្រើសរើសទទួលទានបន្លែ និងផ្លែឈើស្រស់ៗ ហើយអ្នកមិនចាំបាច់ព្រួយបារម្ភថានឹងអាចកើតជំងឺអញ្ចាញធ្មេញឡើយ។

៦. ដាកទឹកមួយដប ឬមួយកែវនៅលើតុធ្វើការ ៖ មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ទេថា ពួកគេទទួលរងនូវបញ្ហាខ្វះជាតិទឹកក្នុងរាងកាយ។ ប្រសិនបើអ្នកសម្រេចចិត្តជ្រើសយករបៀបរស់នៅដែលមានសុខភាពល្អហើយនោះ រឿងដំបូងដែលអ្នកគួរធ្វើ គឺទទួលទានទឹកឲ្យបានគ្រប់គ្រាន់។ តែ កាហ្វេ និងភេសជ្ជៈកំប៉ុង ឬភេសជ្ជៈកាបូណាតមិនត្រូវរាប់បញ្ចូលឡើយ។ អ្នកគួរតែមានដបទឹកដាំធម្មតា ឬទឹកសុទ្ធជាប់ខ្លួនជានិច្ច ហើយកុំភ្លេចដាក់វានៅលើកន្លែងដែលអ្នកអង្គុយយូរដូចជា តុធ្វើការ ឬ តុរៀន ជាដើម ដោយការធ្វើរបៀបនេះនឹងជួយឲ្យអ្នកចាប់អារម្មណ៍ទទួលទានទឹកបានច្រើនគ្រប់គ្រាន់។ ជៀសវាងការភ្លេច អ្នកអាចកំណត់ម៉ោងក្នុងទូរស័ព្ទដៃ ដើម្បីជាការរំលឹកខ្លួនឯងទទួលទានទឹកបន្តិចម្ដងៗរៀងរាល់ម៉ោង។

៧. ទទួលទានគ្រាប់ធញ្ញជាតិ ៖ ទទួលទានគ្រាប់ធញ្ញជាតិឲ្យបានយ៉ាងហោចណាស់ ៥០ ក្រាម ជាប្រចាំ។ គ្រាប់ធញ្ញជាតិមានផ្ទុកនូវអាស៊ិតខ្លាញ់ជាច្រើនដែលល្អសម្រាប់សុខភាព រួមទាំងអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។ អាស៊ីតខ្លាញ់ល្អៗជួយពង្រឹងប្រព័ន្ធសសៃឈាមបេះដូង សក់ និងក្រចក។ លើសពីនេះទៅទៀត គ្រាប់ធញ្ញជាតិមានផ្ទុកនូវសារធាតុ selenium សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីន E សារធាតុ plant sterols (សារធាតុកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលដែលបង្កគ្រោះថ្នាក់) ប៉ូតាស្យូម កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម និងស័ង្កសី ផងដែរ។ សរុបមក គ្រាប់ធញ្ញជាតិ គឺល្អបំផុតសម្រាប់សុខភាព ដោយវាមានផ្ទុកនូវវីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ជាច្រើន។

៨. ពាក់ស្រោមជើងនៅពេលគេង ៖ ស្រោមជើងធ្វើឡើងពីកប្បាស ឬ cotton សម្រាប់រដូវក្ដៅ ហើយស្រោមជើងធ្វើឡើងពីអំបោះឡែនសម្រាប់រដូវរងារ។ បន្ទាប់ពីងូតទឹកមុនពេលចូលគេងរួច ចូរលាបម៉ាស្សាប្រេងល្បាយដែលផ្សំឡើងពីប្រេងដូងលាយជាមួយនឹងប្រេងជីអង្កាម ៣ ឬ ៤ ដំណក់ ឲ្យពេញប្រអប់ជើង ហើយបន្ទាប់មកពាក់ស្រោមជើងពេញមួយយប់។ លទ្ធផលនៃការធ្វើបែបនេះនឹងធ្វើឲ្យអ្នកសប្បាយចិត្តភ្លាមៗ ដោយសារតែនៅពេលព្រឹកប្រអប់ជើងនឹងប្រែជាទន់រលោងស្អាត។ ប្រសិនបើអ្នកព្យាយាមអនុវត្តន៍ជាប្រចាំរយៈពេល ១ ខែ នោះអ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ។

៩. អានរាល់ថ្ងៃ ៖ ការអានគួរតែក្លាយជាទម្លាប់ដែលគ្មានលក្ខខណ្ឌមួយ ដោយសារតែវាជួយបង្កើនការចងចាំ គំនិត និងការស្រមៃ ក៏ដូចជាចំណេះដឹងរបស់អ្នក។ ការអាចក៏ជួយបំបាត់ ឬកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង និងជំងឺវង្វេងស្មារតី (dementia) ផងដែរ។ ប្រសិនបើអ្នកទើបនឹងចាប់ផ្ដើមទម្លាប់នៃការអាន ចូរអានសម្រាប់រយៈពេលត្រឹមតែពី ១៥ ទៅ ២០ នាទី សិនក៏បាន ហើយសឹមចាប់ផ្ដើមកំឡុងពេលនៃការអានតាមក្រោយបន្តបន្ទាប់ទៀត៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside