ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តស៊េរីទំនើបមែរសឺដែស បោះពួយលឿនពេក បុកបង្គោលភ្លើងលាន់ដូចរន្ទះ ខ្ទេចរថយន្តមួយចំហៀងមុខ

BY
Khmernote Media
July 1, 2020

រាជធានីភ្នំពេញ ៖ បង្គោលភ្លើងធំៗ ដែលបន្សល់ទុកចោលនៅចំកណ្តាលទ្រូងផ្លូវ ក្រោយការពង្រីកត្រង់តំបន់ផ្លូវណតប្រីត និងផ្លូវលេខ១០១៩ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានសាធារណៈជនរិះគន់ធ្ងន់ៗ ដោយសារតែស្ថិតនៅចំកណ្ដាលផ្លូវ និងធ្លាប់បានបង្កឱ្យអ្នកដំណើរគ្រោះថ្នាក់ជាបន្តបន្ទាប់ រហូតបាត់បង់ជីវិតទៀតផង ជាក់ស្ដែងនៅវេលាម៉ោង០១:១០នាទីយប់រំលងអធ្រាត្រ ឈានថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២០នេះ មានរថយន្ត Mercedes Benz S550c ស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ បានបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងស្ថានភាពផ្លូវងងឹតផង ទៅជ្រុលបុកបង្គោលភ្លើងនោះពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។

រថយន្តបង្កម៉ាក Mercedes Benz S550c ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-5188 បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង Mercedes Benz S550c ស៊េរីទំនើប ពណ៌សខាងលើ បើកបរតាមផ្លូវទ្រុងមាន់ (ហៅផ្លូវ៣០ម៉ែត្រ)ខាងលើ ទិសដៅពីជើងទៅត្បូង តែដោយស្ថានភាពផ្លូវមានសភាពងងឹតផង និងរថយន្តបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍អូរបែកក្អម បានចុះមកដល់ ហើយឃាត់ជនជាតិចិនដែលជាអ្នកបើកបរ ហើយរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវ៉ាស់វែង រួចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: