ព័ត៌មានជាតិ

ផ្អាកសិប្បកម្មផលិតពពុះសណ្តែក ០៧កន្លែងនៅក្នុងស្រុកខ្សាច់កណ្តាល ក្រោយរកឃើញមានផ្ទុកសារធាតុគីមី

BY
srey nuch
July 1, 2020

ខេត្តកណ្ដាល៖ ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ដោយជាលទ្ធផលមន្រ្តីជំនាញបានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ បន្ទាប់ពីការធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភព ម្ចាស់ពពុះសណ្តែកខាងលើ បានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញ ដើម្បីចាត់មន្រ្តីមានសមត្ថិកិច្ចបន្តស្រាវជ្រាវរកទីតាំង និងប្រភពនៃការផលិត៕

ប្រភព៖ CCF

Share This Post: