ព័ត៌មានជាតិ

រដ្ឋបាលរាជធានីប្រកាសបិទការធ្វើចរាចរជាបណ្តោះអាសន្ន ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

BY
srey nuch
July 1, 2020

ភ្នំពេញ៖ រដ្ឋបាលរាជធានីបានសម្រេចបិទការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ ៥៦៦ ដោយចាប់ពីផ្លូវលេខ ៣១៥ ដល់ផ្លូវលេខ ៣១៣ ដែលការបិទនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ខែកក្កដា វេលាម៉ោង៧និង០០ព្រឹកនេះ រហូត ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ផុតរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋនឹងអាចធ្វើចរាចរជាធម្មតាឡើងវិញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានដាក់លូប្រអប់ទំហំ ២ម៉ែត្រ បួនជ្រុងនៅក្នុងផ្លូវលេខ ៣១៥ ក្នុងខណ្ឌទួលគោក ដែលជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ បានមកដល់ទីតាំងប្រសព្វផ្លូវលេខ ៥៦៦ហើយ ។ការដ្ឋាននេះ នឹងចាប់ផ្តើមបិទចរាចរជាបណ្តោះអាសន្នកំណាត់ផ្លូវលេខ៥៦៦ ចាប់ពីផ្លូវលេខ ៣១៥ ដល់ផ្លូវលេខ ៣១៣ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា វេលាម៉ោង៧និង០០ព្រឹក ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ផុតរយៈពេលនេះ នឹងដាក់អោយធ្វើចរាចរជាធម្មតាឡើងវិញ។

មន្ត្រីដដែរបញ្ជាក់ថា ចំពោះចរាចរនៅទីតាំងភ្លើងស្តុបប្រសព្វផ្លូវចំនួន ៣ខ្សែទៀត នឹងដាក់អោយដំណើរការលើកលែងតែកំណាត់ផ្លូវខាងលើ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរពីទីតាំងកំណាត់ផ្លូវនេះ ដោយសេចក្តីអនុគ្រោះ៕

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខណ្ឌទួលគោក៕

ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: