កូវីដ-១៩

មិនអាចលេងសើចបានទេ! នៅអាស៊ី​អា​គ្នេ​យ៍ឥឡូវនេះមានករណីកូវីដ១៩ កើនលើសពី ១៥០,០០០ ករណីហើយ

BY
autoadmin
July 1, 2020

ចំនួនករណីជំងឺ COVID-19 សរុបនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ ១៥០,៥៧១ គិតត្រឹមថ្ងៃអង្គារ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ៤,៣៥៦ នាក់ ខណៈអ្នកជំងឺ ៨៥,២៧៧ នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ។ តួលេខចុងក្រោយបានបង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍មានករណីថ្មីចំនួន ២,៦១៩ និងអ្នកស្លាប់ចំនួន ៨២នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលភាគច្រើនត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។

ជម្រាបដែរថាប្រទេសឥណ្ឌូនេស៉ីគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការឆ្លងរាលដាលនៃជំងឺ COVID-19 ច្រើនជាងគេបំផុត ដោយគិតមកដល់ពេលនេះមានករណីប្រហែល ៥៦,៣៨៥ ត្រូវបានបញ្ចាក់។ ក្នុងនោះមានមនុស្សចំនួន ២៤,៨០៦នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ ខណៈការស្លាប់មានដល់ ២,៨៧៦នាក់។ ចំណែកនៅហ្វីលីពីនវិញមានករណីសរុប ៣៧,៥១៤ នាក់ និងមានការស្លាប់សរុប ១,០៧៦ នាក់។

សាំងហ្គាពួរក៏មានការឆ្លងរាលដាលច្រើនជាងគេ ក៏ប៉ុន្តែប្រទេសនេះមិនសូវមានករណីក្នុងសហគមន៍នោះទេ ដោយភាគច្រើនករណីត្រូវបានកត់ត្រាចេញពីបណ្ដុំផ្ទះជួលរបស់ពលករបរទេស ដែលស្នាក់នៅនិងធ្វើការនៅប្រទេសនេះប៉ុណ្ណោះ។ គិតមកត្រឹមថ្ងៃអង្គារប្រទេសនេះមានករណីសរុបចំនួន ៤៣,៦៦១ និងការស្លាប់នៅតែរក្សាត្រឹម ២៦ នាក់ដដែល។ សម្រាប់ប្រទេសកម្ពុជា និងអ្នកជិតខាងផ្សេងៗទៀត មានករណីតិចតួចមិនដល់ខ្ទង់ម៉ឺននោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: