ស្មានមិនដល់សោះថា គ្រាប់ជី អាចផ្ដល់អត្ថប្រយោជន៍ល្អប្រសើរច្រើនយ៉ាងនេះចំពោះសុខភាព
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះនៃការទទួលទាន ឬប្រើប្រាស់គ្រាប់ជី ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើនរបស់វាចំពោះសុខភាព ៖
– គន្លឹះនៃការទទួលទាន ឬប្រើប្រាស់គ្រាប់ជី ៖ បរិមាណនៃគ្រាប់ជីដែលត្រូវបានណែនាំឲ្យប្រើប្រាស់ក្នុងមួយថ្ងៃ គឺប្រមាណត្រឹមតែពី ៣ ទៅ ៤ ស្លាបព្រាបាយ ប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកគួរចាប់ផ្ដើមជាមួយនឹងបរិមាណបន្តិចបន្តួចបានហើយក្នុងមួយថ្ងៃ ក៏ព្រោះគ្រាប់ជីមានផ្ទុកនូវជាតិសសៃ ហើយវាអាចផ្ដល់ឥទ្ធិពលខុសៗគ្នាចំពោះរាងកាយបុគ្គលម្នាក់ៗតាមរបៀបដែលពួកគេអាចទប់ទល់នឹងជាតិសសៃ fiber។ គ្រាប់ជីអាចត្រូវបានទទួលទានទាំងឆៅតែម្ដង ឬត្រាំក្នុងទឹកធម្មតា ឬទឹកផ្លែឈើ បន្ថែមពីលើនំដុត ស៊ុប ចាហ៊ួយ យ៉ាអួរ បន្លែផ្សេងៗ ឬលាយជាមួយនឹងទឹកផ្លែឈើក្រឡុកក៏បាន។ ទោះជាយ៉ាងណា អ្នកគួរតែធ្វើការត្រាំគ្រាប់ជីសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ដើម្បីឲ្យវារីកមាឌពេញលេញសឹន សឹមទទួលទានតាមក្រោយ។
ប្រសិនបើអ្នកទទួលទានគ្រាប់ជីស្ងួត ឬឆៅនោះវានឹងស្រូបយកនូវជាតិសំណើម ឬជាតិទឹកពីក្នុងពោះវៀនដែលអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាខ្សោះជាតិទឹក ឬទល់លាមក ហើយក្នុងករណីខ្លះដល់ថ្នាក់ថប់ពិបាកដង្ហើមថែមទៀតផង។ ដើម្បីការពារកុំឲ្យគ្រាប់ជីឆាប់ខូច ចូររក្សាទុកក្នុងក្រឡបិទជិត និងដាក់នៅកន្លែងត្រជាក់មិនត្រូវពន្លឺថ្ងៃ។ ស្ត្រីមានផ្ទៃពោះ និងកូនក្មេងក៏អាចទទួលទានគ្រាប់ជីបានដែរ ប៉ុន្តែត្រឹមបរិមាណតិចតួច។

– អត្ថប្រយោជន៍នៃគ្រាប់ជីចំពោះសុខភាព
១. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ៖ គ្រាប់ជីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ទប់ទល់នឹងរ៉ាឌីកាល់សេរីដែលបង្កការបំផ្លាញ ឬធ្វើឲ្យមានការខូចខាតដល់ម៉ូលេគុលនៅក្នុងកោសិកា ក៏ដូចជារួមចំណែកក្នុងដំណើរការនៃភាពចាស់តាមវ័យ និងជំងឺមហារីក។
២. សុខភាពឆ្អឹង ៖ គ្រាប់ជីក៏មានផ្ទុកសម្បូរទៅដោយ កាល់ស្យូម ម៉ាញ៉េស្យូម ម៉ង់កាណែស ផូស្វ័រ និងប្រូេតអ៊ីដែលល្អប្រសើរបំផុតសម្រាប់សុខភាពឆ្អឹង ដោយជួយធ្វើឲ្យឆ្អឹង ធ្មេញ និងក្រចក កាន់តែរឹងមាំ។
៣. សុខភាពខួរក្បាល ៖ គ្រាប់ជីមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយថែរក្សាសុខភាពខួរក្បាល។ វាជួយកាត់បន្ថយការរលាកផ្សេងៗក្នុងខួរក្បាល ផ្ដល់សារធាតុចិញ្ចឹម និងភ្ជាប់ឡើងវិញនូវសរសៃប្រសាទណឺរ៉ូន បង្កើនសកម្មភាពនៃខួរក្បាល ក៏ដូចជាការពារខួរក្បាលពីការខូចខាត និងភាពច្របូកច្របល់ផងដែរ។
៤. សុខភាពកោសិកា ៖ គ្រាប់ជីមានផ្ទុកជាតិខ្លាញ់ឆ្អែត និងមិនឆ្អែតទាប ប៉ុន្តែមានផ្ទុកអាស៊ីតខ្លាញ់ល្អដូចជា អូមេហ្កា ៣ និង អូមេហ្កា ៦ ខ្ពស់ ដែលធ្វើឲ្យវាមានប្រយោជន៍ខ្លាំងចំពោះការអភិវឌ្ឍ ឬលូតលាស់នៃកោសិកាដ៏រឹងមាំ។
៥. ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ៖ ចំពោះអ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាមខ្ពស់ គួរតែបញ្ចូលគ្រាប់ជីទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ក៏ព្រោះតែគ្រាប់ជីមានផ្ទុកនូវជាតិសសៃខ្ពស់ដែលអាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម រួមទាំងហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។
៦. ជាតិសសៃ Fiber ៖ មូលចម្បងមួយសម្រាប់ការទទួលទាណគ្រាប់ជី គឺដោយសារតែវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ហើយការទទួលទានអាហារជាតិសសៃជារៀងរាល់ថ្ងៃនឹងជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ។
៧. សុខភាពបេះដូង ៖ គ្រាប់ពូជនេះអាចបន្ថយហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូង ឬគាំងបេះដូង ដោយសារតែពួកវាមានផ្ទុកនូវជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពដូចជា អូមេហ្គា ៣ និងអូមេហ្គា ៦ ដែលមិនត្រូវបានសំយោគបែបធម្មជាតិដោយរាងកាយ។ គ្រាប់ជីផលិត phytosterol ដែលជួយកាត់បន្ថយបរិមាណកូឡេស្តេរ៉ុលនៅក្នុងរាងកាយ និងកម្ចាត់ជាតិខ្លាញ់ពីក្នុងសរសៃឈាម។
៨. កាត់បន្ថយការរលាក ៖ គ្រាប់ជីមានឥទ្ធិពលជួយកាត់បន្ថយការរលាកដែលល្អប្រសើរសម្រាប់អ្នកដែលទទួលរងបញ្ហានៃជំងឺរលាកសន្លាក់ ជំងឺរបកស្បែកក្រហម ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងសូម្បីតែជំងឺរបេង ដោយសារវាធ្វើអោយប្រសើរឡើងនូវចរន្តឈាមរត់។
៩. ស្រកទម្ងន់ ៖ ដោយសារតែគ្រាប់ជីនឹងរីកមាឌនៅពេលត្រូវទឹកនោះវាជួយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតយូរជាងធម្មតា។ ហើយជាតិប្រូតេអ៊ីនខ្ពស់ក៏អាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកបានផងដែរ៕
អត្ថបទ ៖ Bee
ប្រភព ៖ Juicing For Health