រថយន្ត

Lamborghini ចាប់ដៃជាមួយ Tecnomar ផលិតកាណូតល្បឿន ១១១ គីឡូម៉ែត្រ/ម៉ោង សម្រាប់ចេញលក់ដើមឆ្នាំ២០២១

BY
autoadmin
July 1, 2020

ក្រុមហ៊ុនផលិតកំពូលរថយន្តអ៉ីតាលី Lamborghini បានសហការគ្នាជាមួយក្រុមហ៊ុនផលិតនាវា Tecnomar ដើម្បីផលិតចេញនូវកាណូតល្បឿនលឿនមួយ ដែលមានឈ្មោះថា «Tecnomar for Lamborghini 63»។ ឈ្មោះកាណូតមានលេខ 63 នេះគឺច្បាស់ណាស់ថាវាសំដៅទៅ ឆ្នាំ1963 ដែលជាឆ្នាំដែលក្រុមហ៊ុន Lamborghini បានបង្កើតឡើងជាផ្លូវការ ខណៈទូកនេះគឺមានប្រវែង 63 ហ្វីត (19.2ម៉ែត្រ) ។ រូបរាងរបស់កាណូតគឺមើលមិនច្រឡំគេនោះទេ ដោយសារថាវាយកលំនាំពីរថយន្តស្ព័រកូនកាត់ Sián FKP 37 របស់ Lamborghini ។

ផ្នែកខាងក្នុងរបស់ Tecnomar for Lamborghini 63 បានរួមបញ្ចូលគ្នានូវការរចនាបែបបច្ចេកវិទ្យាខ្ពស់ ដោយផ្អែកលើវត្ថុធាតុដើមដែលគាំទ្រទម្ងន់ និងការបំពេញមុខងារ ជាមួយការរចនាដែលមើលទៅគឺអាចដឹងថាវាជា Lamborghini ។ អតិថិជនដែលចង់បាន Tecnomar for Lamborghini 63 ក៏អាចរើសពណ៌បានតាមចិត្ត ដែលស្រដៀងនឹងកម្មវិធី Ad Personam របស់ម៉ូដែល Huracán និង Aventador ដែរ។

បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត MAN V12 ចំណុះ 24លីត្រ ចំនួន 2 ដែលក្នុងម៉ាស៊ីន 1 អាចផ្ដល់ថាមពល 2,000 PS (1,972កម្លាំងសេះ) ដូច្នេះទាំង 2 គឺស្មើនឹង 4,000 PS (ឬ3,945កម្លាំងសេះ)។ វាអាចឈានដល់ល្បឿនអតិបរមា 111 គីឡូម៉ែត្រ/ម៉ោង (60knots) ហើយវាជាកាណូតដំបូងរបស់ Tecnomar ដែលឈានដល់ល្បឿនបែបនេះ ប៉ុន្តែក៏ត្រូវអរគុណចំពោះទម្ងន់អំណោយផលរបស់វាគឺ 24 តោន ដែលធ្វើឱ្យកាណូតលឿនបែបនេះ។ យ៉ាងណាមិញកាណូតទំនើបនេះ នឹងមានលក់នៅដើមឆ្នាំ2021 ខាងមុខនេះហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Car Scoops

Share This Post: