ព័ត៌មានជាតិ

ផ្អើលពេញផ្សារបឹងកេងកង ព្រោះចោរស្រីដៃស្អិត ឃើញទូរស័ព្ទក្នុងកាបូបគេភ្លេចបិតរូត គ្រាន់តែលូកដៃលួច មិនទាន់បានសម្រេចផង ម្ចាស់គេងាកឃើញទាន់ ចាប់ជាប់!

BY
Khmernote Media
July 2, 2020

រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា “លួចគេបានវាគ្រាន់ ដល់ម្ចាស់គេទាន់វាក្រែល” ជាក់ស្ដែងស្ត្រីជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលបឹងកេងកងទី១ នៃអធិការដ្ឋានខណ្ឌ ធ្វើការឃាត់ខ្លួនជាក់ស្ដែងពីបទលួច (ទូរស័ព្ទដៃ) កាលពីម៉ោង០៣:៥០នាទីរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចក្នុងផ្សារបឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ ធាវី ហៅ ចាន់ ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមើលកូនឲ្យបុគ្គលិករោងចក្រ ។ ចំណែកជនរងគ្រោះឈ្មោះ ចក ច័ន្ទម៉ល្លីកា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៧៦ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកជីបម៉ុង ។

វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃចំនួនមួយគ្រឿង ម៉ាក iPhone Xmas ពណ៌ទឹកមាស លេខស៊ីម 096 667…. ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឲ្យជនរងគ្រោះវិញផងដែរ តាមការស្នើសុំដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌបឹងកេងកងបានបញ្ជាក់ពីដំណើររឿងដូច្នេះថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ស្ត្រីជនសង្ស័យខាងលើ បានជិះម៉ូតូឌុបចេញពីម្ដុំបឹងកក់ គោលបំណងមកផ្សារបឹងកេងកង ដើម្បីទិញស្បែងជើងពាក់ ខណៈពេលកំពុងដើររកទិញ ស្រាប់តែឃើញជនរងគ្រោះស្ពាយកាបូបពីក្រោយ ដោយកាបូបស្ពាយនោះចំហរ៉ូត និងឃើញលុយ និងទូរស័ព្ទ ភ្លាមនោះជនសង្ស័យក៏បានធ្វើសកម្មភាពលូកដៃយកទូរស័ព្ទដៃរបស់ជនរងគ្រោះពីក្នុងកាបូប ប៉ុន្ដែត្រូវជនរងគ្រោះដឹងខ្លួនងាកឃើញទាន់ ក៏ចាប់ដៃជនសង្ស័យជាប់ ហើយស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសន្ដិសុខផ្សារបេងកេងកង និងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ចុះទៅដល់ក៏ឃាត់ខ្លួនស្ត្រីជនសង្ស័យ នាំយកទីស្នាក់ការប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដើម្បីធ្វើការសាកសួរតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: