ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញមុខបកស្រាយការបង្ហោះថា មានប៉ូលិសចាំយកលុយអ្នកដំណើរលើស្ពានអ្នកលឿង និងមានគេដើរបាចដែកគោលនៅលើស្ពាន

BY
Khmernote Media
July 2, 2020

នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរខេត្តកណ្តាល ឆ្លើយតបម្ចាស់គណនីហ្វេសប៊ុគ Rithy Ka និង Na Vuth ដែលបានបង្ហោះ និងShare មានខ្លឹមសារថា៖ ជូនដំណឹងដល់លោកប៉ូលីសដែលរង់ចាំលាដៃយកលុយពីប្រជាពលរដ្ឋចុះថតលើស្ពានមេត្តាបើកភ្នែកមើលលើស្ពានផងដែកគោលលើស្ពានព្រាតកង់ម៉ូតូបែកបង្ហែគ្នា (ខ្ញុំជាប្រជាពលរដ្ឋរស់នៅអ្នកលឿង ) សុំខ្លាចហើយ មានដែកគោលគ្រប់ប្រភេទ ថ្ងៃមុនប្តីដើររើសបាន មួយថង់ទាំងព្រឹក។

ក្រោយទទួលព័ត៌មានខាងលើភ្លាមក្រុមការងារប្រតិកម្មរហ័ស នៃអធិការនគរបាលស្រុកលើកដែក បានចេញរបាយការណ៍ ឆ្លើយតបទៅនឹងម្ចាស់គណនីខាងលើ ក៏ដូចជាសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមជ្រាប និងកុំមានការភាន់ច្រឡំ វិញថា៖ ស្ពានត្សឹបាសា(ស្ពានអ្នកលឿង) ជាជំនួយរបស់ប្រទេសជប៉ុន កម្លាំងផ្នែកសណ្តាប់ធ្នាប់ស្រុកលើកដែក ខេត្តកណ្តាល ទទួលខុសត្រូវត្រឹមពាក់កណ្តាលស្ពាន (ត្រើយខាងលិច) ឯម្ខាងទៀតពាក់ព័ន្ធភូមិសាស្រ្តរបស់ស្រុកពាមជរ ខេត្តព្រៃវែង (ត្រើយខាងកើត) ។ ចំពោះកម្លាំង០១នាក់ដែលឈរជើងរៀបចំសណ្តាប់ធ្នាប់លើស្ពានគឺមិនអនុញ្ញាតឲ្យមធ្យោបាយគ្រប់ប្រភេទឈប់ ឬចតនៅលើស្ពានឡើយតែដោយស្ពានត្សឹបាសានេះជាស្ពានមានសោភ័ណ្ឌភាពល្អហើយវែងជាងគេក្នុងប្រទេសកម្ពុជាទើបមានអ្នកធ្វើដំណើរទេសចរណ៍ទាំងជាតិនិងអន្តរជាតិឈប់មធ្យោយបាយរបស់ខ្លួនដើម្បីយកខ្យល់អាកាស និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសាររបស់ខ្លួនមួយភ្លេតៗប៉ុណ្ណោះ។ ទន្ទឹមនោះដោយឃើញកម្លាំងនគរបាលយើងមានការនឿយហត់ ពួកគាត់ក៍បានផ្តល់នូវប្រាក់ បន្តិចបន្ទួច ឬជាគ្រឿងបរិភោគដូចជាទឹកសុទ្ធ ទឹកក្រូចជាដើម ។ល។ ចំពោះកម្លាំងឈរជើងលើស្ពានខាងលើផ្នែកសណ្តាប់ក៍ដូចជាអធិការពុំបានបង្គាប់បញ្ជាឲ្យទារប្រាក់អ្នកមកកំសាន្ត ឬធ្វើដំណើរឆ្លងកាត់ឡើយ។

ចំពោះដែកគោលដែលថាមានគេបាចលើស្ពានគឺពុំពិតនោះទេ ដោយសារឡានដឹកអេតចាយរៀបចំមិនប្រុងប្រយ័ត្នបានជ្រុះដែកស្រួចតូចៗបណ្តាលឲ្យមុតកង់ម៉ូតូ កង់ឡានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ រីឯអ្នកប្រកបមុខរបរប៉ះកង់ម៉ូតូ ឡានវិញកន្លងមកកម្លាំងយើងបានចុះអប់រំណែនាំមិនឲ្យពួកគាត់ធ្វើអ្វីឆ្គាំងឆ្គងអសីលធម៌ និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ក្នុងការថែរក្សាការពារស្ពានវិញ អាជ្ញាធរស្រុក និងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកលើកដែកធ្វើការលាងសំអាត បោសដី រើសសំរាមដែលបងប្អូនប្រជាពលរដ្ឋចោលលើស្ពានជាប្រចាំ ព្រមទាំងបាញ់ទឹកលាងសម្អាតក្នុងមួយខែ៤ដងផងដែរ៕

Share This Post: