កាន់តែមានសង្ឃឹមហើយ! ចិនត្រៀមផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាង១០០លានដូស ប្រសិនបើការធ្វើតេស្តដំណាក់កាលចុងក្រោយនៅប្រទេសប្រេស៊ីលទទួលជោគជ័យ
ចិន៖ យោងតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារ ទី២០ ខែកក្កដា កន្លងទៅនេះ ចិនបានឈានដល់ដំណាក់កាលធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ លើរាងកាយមនុស្សដំណាក់កាលទី ៣ ហើយ ដែលវាជាគឺជាដំណាក់កាលចុងក្រោយបង្អស់មុននឹងសម្រេចដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងជាផ្លូវការ។ ការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល ដែលជាទីកន្លែងកំពុងផ្ទុះការរាតត្បាតខ្លាំង និងសម្បូរអ្នកស្ម័គ្រចិត្តឲ្យគេធ្វើតេស្តវ៉ាក់សាំងលើរាងកាយរបស់ពួកគេ។

ប្រភពខាងលើបានបញ្ជាក់ថា វ៉ាក់សាំងនេះមានឈ្មោះថា CoronaVac ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតឱសថចិនដែលមានឈ្មោះថា Sinovac Biotech ហើយនៅក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយនេះ វ៉ាក់សាំងត្រូវបានគេចែកជូនបុគ្គលិកសុខាភិបាលចំនួន ៩ ០០០ នាក់ នៅក្នុងរដ្ឋធំៗចំនួន ៦ នៅក្នុងប្រទេសប្រេស៊ីល ដើម្បីធ្វើការពិសោធន៍លើរាងកាយមនុស្សក្នុងកម្រិតផ្សេងៗគ្នាតាមស្ថានភាពសុខភាពជាក់ស្តែងរបស់អ្នកស្ម័គ្រចិត្តម្នាក់ៗ ខណៈដែលគេអាចប្រមូលលទ្ធផលជារួមមួយបាននៅក្នុងរយៈពេល ៩០ ថ្ងៃបន្ទាប់មកទៀត។
ប្រសិនបើការធ្វើតេស្តដំណាក់កាលចុងក្រោយនេះទទួលបានជោគជ័យគេរំពឹងថា វ៉ាក់សាំងចំនួន ១២០ លានដូសនឹងត្រូវបានផលិតឡើងភ្លាមៗក្នុងពេលក៏ឆាប់ខាងមុខនេះផងដែរ។ អ្នកស័្មគ្រចិត្តឲ្យគេធ្វើតេស្តជនជាតិប្រេស៊ីលដែលមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលបានចូលរួមក្នុងការធ្វើតេស្តនេះហើយខ្ញុំគិតថា ខ្ញុំបានរស់នៅក្នុងអំឡុងពេលដែលជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ ហើយខ្ញុំគឺជាមនុស្សពិសេសម្នាក់ដែលអាចទទួលបានវ៉ាក់សាំងមុនគេបើធៀបទៅនឹងមនុស្សរាប់លានអ្នកនៅជុំវិញពិភពលោក”៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost