អង្គការសុខភាពពិភពលោកនិយាយថា ការបង្កើតវ៉ាក់សាំងកំពុងមានដំណើរការល្អ ហើយក្រុមខ្លះក៏បានឈានដល់ដំណាក់កាលចុងក្រោយ
ក្រុមអ្នកជំនាញកំពុងតែមានដំណើរការល្អក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ខណៈការតេស្ដសាកល្បងលើមនុស្សមួយចំនួនក៏បានឈានដល់ដំណាក់កាលចុងក្រោយហើយដែរ ប៉ុន្តែយ៉ាងណាការប្រើប្រាស់វ៉ាក់សាំងដំបូងនឹងមិនអាចរំពឹងមុនបានទេរហូតដល់ដើមឆ្នាំ២០២១។ លោក Michael J. Ryan ប្រធានកម្មវិធីបន្ទាន់របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកកំពុងធ្វើការដើម្បីធានាការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌ ប៉ុន្តែក្នុងពេលឥឡូវនេះការសំខាន់គឺត្រូវទប់ស្កាត់ការរីករាលដាលនៃជំងឺជាមុន។ ការលើកឡើងរបស់ប្រធានកម្មវិធីបន្ទាន់រូបនេះ គឺស្របពេលដែលការឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 បានកើនឡើងខ្ពស់ជិតបំបែកកំណត់ត្រាថ្មីមួយទៀត។

លោក Ryan បាននិយាយថា៖«យើងកំពុងធ្វើឱ្យមានដំណើរការល្អ» ដោយកត់សម្គាល់ថា វ៉ាក់សាំងជាច្រើនឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលទី៣ (ចុងក្រោយ) ហើយពុំមានការបរាជ័យណាមួយឡើយទាក់ទងនឹងសុវត្ថិភាព ឬសមត្ថភាពក្នុងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែយ៉ាងណាវាមិនអាចរំពឹងថា វ៉ាក់សាំងអាចប្រើបានភ្លាមៗនោះទេរហូតដល់ឆ្នាំ២០២១ ទើបយើងចាប់ផ្ដើមឃើញថាមនុស្សនឹងទទួលបានវ៉ាក់សាំងនេះ។ លោកបាននិយាយថា យើងត្រូវតែយុត្តិធម៌ចំពោះការប្រើវ៉ាក់សាំងនេះ ព្រោះវាជារបស់សម្រាប់ពិភពលោកទាំងមូល មិនមែនសម្រាប់តែអ្នកមានប៉ុណ្ណោះទេ គឺសម្រាប់មនុស្សគ្រប់គ្នា។ វាខុសពីសហរដ្ឋអាមេរិកដែលកំពុងប្រមូលទិញថ្នាំ ដោយរដ្ឋាភិបាលរបស់អាមេរិកនឹងចំណាយលុយ ១.៩៥ ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចំនួន ១០០ លានដូស ពីក្រុមហ៊ុនឱសថ Pfizer Inc និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាល្លឺម៉ង់ BioNTech ប្រសិនបើវាមានសុវត្ថិភាព និងប្រសិទ្ធភាព៕



អត្ថបទ៖ លីដា
ប្រភព៖ CGTN