អាមេរិកនឹងមិនចេញទិដ្ឋាការដល់និស្សិតអន្តរជាតិថ្មីៗ ដែលចុះឈ្មោះចូលរៀនសម្រាប់បវេសនកាលថ្មីនោះទេ បើថ្នាក់របស់ពួកគេត្រូវរៀនតាមអនឡាញ
អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិកបាននិយាយថា ពួកគេអាចនឹងមិនចេញទិដ្ឋាការដល់និស្សិតអន្តរជាតិថ្មីៗ ដែលចុះឈ្មោះចូលរៀនសម្រាប់បវេសនកាលនៅរដូវស្លឹកឈើជ្រុះនេះទេ ប្រសិនបើសាកលវិទ្យាល័យឬវិទ្យាល័យរបស់ពួកគេ មានផែនការផ្តល់វគ្គសិក្សាឱ្យពួកគេតាមអ៊ីនធឺណេត។ សេចក្តីប្រកាសនេះធ្វើឡើងដោយសហព័ន្ធអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដែលបន្ធូរបន្ថយពីការសម្រេចចិត្តពីលើកមុន ដែលថាវាមិនចេញទិដ្ឋាការឱ្យសិស្សសាកលវិទ្យាល័យឬវិទ្យាល័យ ដែលថ្នាក់របស់ពួកគេត្រូវរៀនតាមអនឡាញនោះទេ។

កាលពីថ្ងៃទី០៦ ខែកក្កដា អាជ្ញាធរអន្តោប្រវេសន៍បានប្រកាសថា និស្សិតបរទេសដែលមានថ្នាក់បង្រៀន ១០០% រៀនតាមអ៊ិនធឺណេត នឹងមិនត្រូវបានចេញទិដ្ឋាការឱ្យនោះទេ។ ប៉ុន្តែពួកគេបានលុបចោលផែនការនេះវិញនៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីសាកលវិទ្យាល័យហាវ៉ាដ និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធដើម្បីរារាំងសកម្មភាពនេះ ហើយរដ្ឋាភិបាលក្នុងរដ្ឋខ្លះក៏បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះដែរ។ ដូច្នេះមានន័យថា ការសម្រេចមិនចេញទិដ្ឋាការដល់សិស្សលើកនេះ នឹងមានផលប៉ះពាល់ដល់សិស្សថ្មីៗប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចម្តងហើយម្តងទៀតដល់សាលារៀននានាឱ្យចាប់ផ្តើមថ្នាក់រៀនជួបមុខផ្ទាល់ឡើងវិញ ដើម្បីលើកកម្ពស់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ក្រុមអ្នកសង្កេតការណ៍និយាយថាលោក ដូណាល់ ត្រាំ ប្រហែលជាមានបំណងដាក់សម្ពាធលើសាលារៀន ដោយព្យួរការចេញទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ។ គួរឱ្យដឹងដែរថា មាននិស្សិតអន្តរជាតិជិត ១.១ លាននាក់ បានសិក្សានៅសហរដ្ឋអាមេរិកក្នុងឆ្នាំសិក្សាឆ្នាំ២០១៨ នេះបើតាមការឱ្យដឹងរបស់វិទ្យាស្ថានអប់រំអន្តរជាតិសហរដ្ឋអាមេរិក៕

