ចោរទំនើង២នាក់ ចូលប្លន់ហាង 7-Eleven ឃើញអ្នកគិតលុយស្អាត បង្ខំឲ្យដោះម៉ាស់ចេញ រួចចាប់ថើបមាត់ជាច្រើនដង ថែមទាំងចាប់នារីរូបនោះ ឲ្យជិះម៉ូតូជាមួយពួកគេចេញពីហាងទៀត
ថៃ៖ ក្រុមចោរដែលជាក្មេងទំនើងចំនួន ២ នាក់បានធ្វើសកម្មភាពចូលទៅប្លន់យកប្រាក់នៅក្នុងហាងលក់អីវ៉ាន់មួយកន្លែង ហើយក្រៅតែពីបានប្លន់យកលុយរួចមានចោរម្នាក់បានធ្វើសកម្មភាពគួរឲ្យភ្ញាក់ផ្អើលមួយទៀតគឺចាប់ថើបបុគ្គលិកអ្នកគិតលុយស្រស់ស្អាតម្នាក់មុននឹងរត់គេចខ្លួន។ បើយោងតាមសារព័ត៌មាន bangkokpost បានចុះផ្សាយថា ហេតុការណ៍នេះបានឡើងនៅក្នុងហាងលក់ទំនិញ 7-Eleven មួយកន្លែងនៅក្នុងខេត្តកានច័ន្ទបូរី នៃប្រទេសថៃ កាលពីរសៀលម៉ោង ៣ ថ្ងៃទី២៤ ខែកក្កដា កន្លងទៅ។

ប្រភពខាងលើបានបន្តថា ក្រុមចោរបានជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខហាងមួយសន្ទុះទើបដើរចូលទៅក្នុងហាង និងបានទាញកាំបិតមកគំរាមទាប្រាក់ពីអ្នកគិតលុយនៅក្នុងហាងបានប្រមាណជា ១០ ០០០ បាត (៣១៦ ដុល្លារអាមេរិក)។


បន្ទាប់ពីបានលុយរួចស្រាប់តែមានចោរម្នាក់បានបង្ខំឲ្យស្រីជាអ្នកគិតលុយម្នាក់ដោះម៉ាស់ចេញហើយគាត់ក៏បានចាប់ថើបមាត់ស្រីរូបនោះជាច្រើនដងទៀតផង ហើយអ្វីដែលជារឿងដ៏ហួសចិត្តជាងនេះទៀតនោះគឺក្រុមចោរបានចាប់ស្រ្តីរងគ្រោះរូបនោះឲ្យជិះម៉ូតូជាមួយពួកគេចេញពីហាងទៀតផង។ យ៉ាងណាក្តី បន្ទាប់ពីធ្វើដំណើរចេញពីហាងបានប្រហែលជា ៥ គីឡូម៉ែត្រ ក្រុមចោរក៏បានទុកស្រ្តីរងគ្រោះចោលនៅលើដងផ្លូវមួយកន្លែង ខណៈស្រ្តីរងគ្រោះរូបនោះពុំមានរងរបួសអ្វីធ្ងន់ធ្ងរឡើយ។
នៅក្នុងថ្ងៃកើតហេតុដដែលនោះប៉ូលិសថៃបានបើការស៊ើបអង្កេតនិងចាប់បានក្រុមចោរទាំងយប់ ដោយចោរម្នាក់អាយុ ១៧ ឆ្នាំ និងម្នាក់ទៀតអាយុ ២១ ឆ្នាំ ហើយពួកគេសុទ្ធជាក្រុមក្មេងទំនើងដែលកំពុងដាច់លុយចាយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost