ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រសាំងហ្គាពួររកឃើញវិធីសាស្ត្រថ្មីមួយ អាចតេស្តរកជំងឺកូវីដ១៩ ដោយដឹងលទ្ធផលក្នុងរយៈពេលតែ ៣៦នាទី

    BY autoadmin July 27, 2020
    អ្នកវិទ្យាសាស្ត្រសាំងហ្គាពួររកឃើញវិធីសាស្ត្រថ្មីមួយ អាចតេស្តរកជំងឺកូវីដ១៩ ដោយដឹងលទ្ធផលក្នុងរយៈពេលតែ ៣៦នាទី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) របស់សិង្ហបុរី បានរកឃើញនូវវិធីសាស្ត្រថ្មីមួយ ដែលអាចតេស្ដរកជំងឺ COVID-19 ឱ្យចេញលទ្ធផលក្នុងរយៈពេលតែ ៣៦នាទី ប៉ុណ្ណោះ។ វិធីសាស្ត្រថ្មីនេះគឺលឿនជាងដល់ទៅ ៤ ដងឯណោះ បើប្រៀបនឹងការធ្វើតេស្ដដោយប្រើបច្ចេកទេស PCR ដែលត្រូវបានគេស្គាល់ជាទូទៅថាជាការតេស្ដកម្រិតស្ដង់ដារនិងច្បាស់លាស់ជាងគេបំផុត។ NTU បាននិយាយថា វិធីសាស្ត្រនេះនឹងត្រូវដាក់ពង្រាយតាមសហគមន៍ ដោយសារវាអាចធ្វើទៅបានជាមួយនឹងកន្លែងចល័តនានា ដើម្បីជួយសម្រួលដល់ការធ្វើតេស្ដឱ្យកាន់តែមានភាពងាយស្រួល។

    ការតេស្តជាលក្ខណៈទ្រង់ទ្រាយធំគឺជាអ្វីដែលសិង្ហបុរីកំពុងធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងគ្រប់គ្រងស្ថានភាពនៃជំងឺ COVID-19 មិនឱ្យមានការផ្ទុះឡើងក្នុងចំនួនច្រើន។ ចាប់តាំងពីថ្ងៃទី០១ ដើមខែកក្កដា តរៀងមក ពលរដ្ដសិង្ហបុរីដែលមានអាយុចាប់ពី ១៣ឆ្នាំ ឬចាស់ជាងនេះ ត្រូវបានជំរុញឱ្យទៅធ្វើតេស្ដប្រសិនបើពួកគេមានអាការសង្ស័យ។ វិធីសាស្ត្រថ្មីនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រសាលាវេជ្ជសាស្ត្រ Lee Kong Chian នៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង ដើម្បីធ្វើឱ្យប្រសើរឡើងនៅក្នុងការតេស្ដនិងល្បឿនរបស់វា។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វិធីនេះមិនខុសពី PCR ប៉ុន្មានដែរ ប៉ុន្តែវាគ្មានការបន្សុទ្ធ RNA ពីសំណាកអ្នកជំងឺនោះទេ ហើយមានការបន្ថែមធាតុគីមីមួយចំនួនផងដែរ។ ដូច្នេះវាកាត់បន្ថយពេលវេលាក្នុងរង់ចាំលទ្ធផល ដោយសារតែការបន្សុទ្ធ RNA ជាធម្មតាត្រូវប្រើពេលវេលាយូររាប់ម៉ោង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: