ក្ដីសង្ឃឹមថ្មីសម្រាប់ពលរដ្ឋប៉ាគីស្ថាន ដោយលោកតាម្នាក់នេះមានវ័យដល់ទៅ ១០៣ឆ្នាំ តែអាចជាសះស្បើយពីជំងឺ COVID-19
ពលរដ្ឋនៅប៉ាគីស្ថានកំពុងមានក្ដីសង្ឃឹមថ្មីមួយ បន្ទាប់ពីលោកតាអាយុ ១០៣ឆ្នាំម្នាក់ នៅខេត្ត Khyber-Pakhtunkhwa បានជាសះស្បើយពីជំងឺ COVID-19 ។ លោកតាមានឈ្មោះថា Aziz Abdul Alim មកពីអនុស្រុក Chitral និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីវិជ្ជមានជាមួយជំងឺ COVID-19 កាលពីដើមខែកក្កដា។ ដោយសារតែអាយុជរារបស់គាត់ ក្រុមគ្រួសាររបស់គាត់មានការបារម្ភយ៉ាងខ្លាំងចំពោះភាគរយនៃការរស់រានរបស់គាត់ ប៉ុន្តែយ៉ាងណាលោកតាខ្លួនឯងនិយាយថាគាត់មិនដែលភ័យនោះទេ ហើយគាត់បន្ថែមទៀតថាគាត់ធ្លាប់ឆ្លងកាត់បញ្ហាអាក្រក់នៅក្នុងជីវិតរបស់គាត់អស់ហើយ។

ចំណែកលោក Sohail Ahmed ដែលជាកូនប្រុសរបស់លោកតា Aziz បាននិយាយថា ឪពុករបស់គាត់មានការព្រួយបារម្ភអំពីការឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ ជាជាងគាត់ស្លាប់ដោយសារជំងឺ COVID-19 នេះ។ ឥឡូវនេះលោកតាបានចេញពីមន្ទីរពេទ្យនិងត្រលប់មកផ្ទះវិញហើយ បន្ទាប់ពីបានជាសះស្បើយពេញលេញ។ របាយការណ៍បាននិយាយថា លោកតា Aziz Abdul Alim ធ្វើការជាជាងឈើស្ទើរតែមួយជីវិតរបស់គាត់ ដោយបានចូលនិវត្តន៍នៅពេលគាត់មានអាយុ ៧០ឆ្នាំទៅហើយ។ គាត់បានរៀបការ ៥ដង ហើយគាត់ជាឪពុកមានកូន ៩នាក់។

ដំណឹងនៃការជាសះស្បើយរបស់គាត់បាននាំមកនូវក្តីសង្ឃឹមមួយដល់ប៉ាគីស្ថាន នៅពេលដែលប្រទេសនេះកំពុងប្រយុទ្ធជាមួយជំងឺ COVID-19 ។ រហូតមកដល់ពេលនេះប៉ាគីស្ថានបានកត់ត្រាករណីជាង ២៧៣,០០០ ករណី និងមានអ្នកស្លាប់ ៥,៨២២ នាក់។ អត្រានៃការឆ្លងថ្មីបន្តបង្កើនល្បឿន ខណៈប្រទេសនេះកំពុងឈរនៅលេខរៀងទី១២ ជាប្រទេសមានការឆ្លងច្រើនបំផុត។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះការឆ្លងបានថយចុះបន្តិច ប៉ុន្តែវានៅតែមានការព្រួយបារម្ភថា ពិធីបុណ្យសាសនា Eid al-Adha នៅថ្ងៃទី០១ ខែសីហា ខាងមុខនេះ អាចបណ្តាលឱ្យមានការកើនឡើងនៃការឆ្លងថ្មីៗបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Dawn