វិបត្តិកូវីដ១៩ ធ្វើឲ្យពីឡុតបើកយន្តហោះម្នាក់ត្រូវបង្ខំចិត្តមកធ្វើជាអ្នកដឹកជញ្ជូនអាហារវិញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ
ម៉ាឡេស៊ី៖ វិបត្តិនៃជំងឺកូវីដ ១៩ បានរុញច្រានឲ្យប្រទេសជាច្រើនត្រូវបង្ខំចិត្តបិទច្រកព្រំដែននិងបិទជើងហោះមួយរយៈដើម្បីទប់ស្កាត់ករណីចម្លងជំងឺតាមរយៈអ្នកដំណើរ ហើយស្ថិតនៅក្នុងស្ថានភាពនេះមានក្រុមហ៊ុននិងបុគ្គលិកជាច្រើនដែលធ្វើការពាក់ព័ន្ធក្នុងផ្នែកអាកាសចរណ៍ក៏ត្រូវជួបនិងវិបត្តិធ្ងន់ធ្ងរដែរ។ កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍នៅតាមបណ្តាប្រទេសមួយចំនួនបានប្រកាសក្ស័យធន ហើយបុគ្គលិកក្នុងវិស័យអាកាសចរណ៍រាប់ពាន់នាក់ត្រូវបាត់បង់ការងារ ឬត្រូវផ្អាកពីការងារមួយរយៈដោយមិនដឹងច្បាស់ពីពេលវេលាដែលអាចត្រលប់ទៅកាន់ការងារវិញនោះទេ។

នៅចំពោះមុខស្ថានភាពនេះបុគ្គលិកជំនាញផ្នែកអាកាចរណ៍ជាច្រើនត្រូវបង្ខំចិត្តទៅធ្វើការផ្សេងៗខុសពីជំនាញវិជ្ជាជីវៈរបស់ពួកគេ ហើយប្រាក់ចំណូលវិញខុសគ្នាដូចមាឃនិងដីអីចឹង។ ជាក់ស្ដែងសារព័ត៌មាន World Of Buzz បានលើកយកករណីមួយមកចុះផ្សាយថា មានបុរសម៉ាឡេស៊ីម្នាក់ធ្លាប់អ្នកបើកយន្តហោះមានបទពិសោធន៍រាប់ឆ្នាំ ត្រូវប្តូរការងារមកធ្វើជាដឹកជញ្ជូនឲ្យក្រុមហ៊ុន FoodPanda ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។
បុរសរូបនេះមានឈ្មោះថា Anwar Ajid ធ្លាប់បើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍ល្បីជាច្រើនទាំងនៅក្នុងប្រទេសម៉ាឡេស៊ីនិងថៃក្នុងរយៈជាង ១០ ឆ្នាំមកនេះ។ ដោយគាត់មានបទពិសោធន៍ការងារច្រើនឆ្នាំ លោក Anwar Ajid អាចទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីអាជីពជាអ្នកបើកយន្តហោះ ដោយក្នុងមួយថ្ងៃជាមធ្យមគាត់អាចរកប្រាក់បាន ៦០០ រីងហ្គីត (១៤២ ដុល្លារអាមេរិក) តែពេលនេះតាមរយៈការងារជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុន FoodPanda គាត់អាចរកប្រាក់បានចន្លោះពី ៥០-៧០ រីងហ្គីត (១២-១៧ ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយថ្ងៃ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World Of Buzz