ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ថានីយរថភ្លើងនៅជប៉ុនមួយកំពុងធ្វើតេស្ដរ៉ូបូតសម្លាប់មេរោគ ដើម្បីកាត់បន្ថយការរាលដាលនៃជំងឺកូវីដ១៩

    BY autoadmin July 27, 2020
    ស្ថានីយរថភ្លើងនៅជប៉ុនមួយកំពុងធ្វើតេស្ដរ៉ូបូតសម្លាប់មេរោគ ដើម្បីកាត់បន្ថយការរាលដាលនៃជំងឺកូវីដ១៩

    ប្រតិបត្តិករផ្លូវដែកមួយនៅជប៉ុនកំពុងធ្វើតេស្តរ៉ូបូត ៣ប្រភេទ ដែលអាចសម្លាប់មេរោគនៅឯស្ថានីយ៍មួយក្នុងទីក្រុងតូក្យូ ដើម្បីជួយការពារការរីករាលដាលនៃមេរោគជំងឺ COVID-19។ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេអញ្ជើញឱ្យទៅមើលការធ្វើតេស្តនេះ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះផ្ទាល់ នៅឯស្ថានីយ Takanawa Gateway លើផ្លូវដែក Yamanote ដែលដំណើរការដោយក្រុមហ៊ុនផ្លូវដែកជប៉ុនខាងកើត ឬ JR East ។ រ៉ូបូតទាំងនេះមានមុខងារបាញ់ថ្នាំសម្លាប់មេរោគលើបង្កាន់ដៃ និងវត្ថុផ្សេងៗទៀតដែលប៉ះដោយមនុស្ស។ ពួកវាប្រើឧបករណ៍ចាប់សញ្ញាជាច្រើន ដើម្បីរុករកកន្លែងដែលត្រូវសម្អាតពេញស្ថានីយ។

    រ៉ូបូតខ្លះក៏មានមុខងារសម្អាត និងសន្តិសុខផងដែរ ដែលផ្អែកលើបញ្ញាសិប្បនិម្មិត (AI) ។ ក្រុមហ៊ុន JR East ក៏កំពុងធ្វើតេស្តលើការចែកចាយដោយស្វ័យប្រវត្តិ ក្នុងគោលបំណងកាត់បន្ថយការទំនាក់ទំនងរបស់មនុស្ស។ រ៉ូបូតខ្លះចេះជិះជណ្ដើរយន្តយកកាហ្វេទៅឱ្យមនុស្សនៅឯកន្លែងប្រជុំទៀតផង។ ការធ្វើតេស្តផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាទំនើប កំពុងត្រូវបានធ្វើនៅស្ថានីយ Takanawa Gateway ក្រោមគំនិតនៃ “ស្ថានីយនៃអនាគត” ។ យ៉ាងណាមិញក្រុមហ៊ុន JR East សង្ឃឹមថា នឹងដាក់រ៉ូបូតទាំងនេះទៅប្រើប្រាស់ជាក់ស្តែងនៅត្រឹមឆ្នាំ២០២៤ ហើយសង្ឃឹមថានឹងអាចដាក់វានៅស្ថានីយដទៃផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nippon Hōsō Kyōkai

    Share This Post: